ខេត្តបន្ទាយមានជ័យ ៖ សន្តិសុខម្នាក់ជាប់ចោទពីបទលួចទូរស័ព្ទដៃIPhone6 ចំនួន០៣គ្រឿងត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការនៅព្រឹក ទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ។
លោកមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត នួន នីណារ៉ូ ប្រាប់ឱ្យដឹងថា យោងតាមបណ្ដឹងរបស់ឈ្មោះ ហ៊ាន យ៉េង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត អំពីករណីលួច(ទូរស័ព្ទ) កាលពីវេលាម៉ោង០៤និង៣០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ស្ថិតនៅចំណុចខាងលេី កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាសន្តិសុខម្នាក់ បានដកហូតវត្ថុតាង ទូរស័ព្ទIPhone6 ចំនួន០៣គ្រឿងជារបស់ជនរងគ្រោះ ដេីម្បីយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាំង សាវុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាសន្តិសុខ ទីកន្លែងកំណើត ឃុំអូរបូជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅមណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួមនឹងដកហូតវត្ថុតាង ទូរស័ព្ទម៉ាក IPhone6 ពណ៌ប្រាក់ ចំនួន០៣គ្រឿង ជារបស់ជនរងគ្រោះ។
យោងតាមឆ្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទម៉ាកIPhone6 ពណ៌ប្រាក់ ចំនួន ០៣គ្រឿង របស់អ្នកគ្រប់គ្រងអគារដែលរូបខ្លួនធ្វើការនៅទីនោះ បន្ទាប់ពីលួចបានហើយ រូបខ្លួនបានចាកចេញពីកន្លែងធ្វើការ ទៅដេកនៅបន្ទប់ជួលរបស់សង្សារខ្លួន នៅម្តុំវត្តថ្មី រហូតដល់វេលាម៉ោង១០និង០០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែអ្នកគ្រប់គ្រងអគារ បាននាំសមត្ថកិច្ចមកដល់ និងឃាត់រូបខ្លួនតែម្តង ។
លោក ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស ប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធី ។ ចំណែកវត្ថុតាងទូរស័ព្ទម៉ាកIPhone6 ពណ៌ប្រាក់ ចំនួន០៣គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញហើយ ៕
ដោយ ៖ វណ្ណា