ខេត្តស្វាយរៀង៖ រមណីយដ្ឋានដំរីសរំដួលរីសត កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ជាពិសេសគឺពួកគាត់តែងតែនាំគ្នាមកលេងកំសាន្តនៅទីនេះជារៀលរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកពីការងារតាមបែបសាមញ្ញៗជាលក្ខណៈក្រុមគ្រួសារ ក្រុមការងារ ឬក៏កម្មវិធីពិសេសផ្សេងៗ។
បើតាមលោក ពៅ សុធារិន ដែលជាម្ចាស់រមណីយដ្ឋាន ដំរីសរំដួលរីសត បានឱ្យអ្នកសារព័ត៏មានដឹងថា រមណីយដ្ឋាននេះបានចាប់ផ្តើមដំណើរការទទួលភ្ញៀវដែលមកលេងកំសាន្តចាប់ពីថ្ងៃចូលឆ្នាំខ្មែរយើងកន្លងទៅនេះគឺក្នុងកំឡុងខែមេសា ឆ្នាំ២០២២ ដែលមានបំរើសេវាកម្មផ្សេងៗមានដូចជាៈ អាងហែលទឹក កាហ្វេ និងអាហារដ្ឋាន ដែលមានមុខម្ហូបសំបូរបែប ហើយភ្ញៀវក៏អាចកុម្ម៉ង់មុខម្ហូបផ្សេងៗបានតាមតម្រូវការ សួនច្បារសំបូរទៅដោយដើមឈើធំៗ មានកន្លែងស្ទួចត្រីកំសាន្ត មានប្រព័ន្ធទឹកធម្មជាតិព័ទ្ធជុំវិញបង្កើតនូវខ្យល់អាកាសបរិសុទ្ធ ទេសភាពបែបធម្មជាតិពិតៗ ហើយជាងនេះទៅទៀតក៏មានសួនចិញ្ចឹមសត្វក្ងោកសំរាប់ឲ្យភ្ញៀវបានចូលទស្សនាកំសាន្តសប្បាយផងដែរ។
លោក ពៅ សុធារិន បានបន្តឲ្យដឹងទៀតថាៈ សំរាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ គឺកន្លែងរបស់លោកតែងតែមានភ្ញៀវមកកំសាន្តនៅទីនេះពុំដែលស្ងាត់នោះទេ ភ្ញៀវខ្លះជាអ្នកនៅក្នុងខេត្ត ខ្លះទៀតពួកគាត់អញ្ជើញមកពីក្រៅខេត្ត ហើយពួកគាត់ចូលចិត្តមកកំសាន្តនៅទីនេះពីព្រោះថា រីសតដំរីស មានសេវាកម្មរហ័ស តំលៃសមរម្យ មុខម្ហូបឆ្ងាញ់ មានទេសភាពបែបធម្មជាតិពិតៗ ហើយទីតាំងក៏នៅជិតទីប្រជុំជនខេត្តស្វាយរៀងផងដែរ។
លោក បន្ថែមថារមណីយដ្ឋាននេះគឺ មានចំងាយផ្លូវ៨គីឡូម៉ែត្រ ពីក្រុងស្វាយរៀង បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ១៣ឆ្ពោះទៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀងនោះ ក្រៅពីថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សម្រាកផ្សេងៗទៀតនោះ រមណីយដ្ឋានដំរីសរំដួលរីសត ក៏នៅបើកដំណើរការទទួលភ្ញៀវជាធម្មតាផងដែរ។
ចំណែកបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវដែលបានអញ្ជើញទៅលេងកំសាន្តនៅទីនោះក៏បានឲ្យដឹងផងដែរថាៈ នៅទីនេះគឺមានទេសភាពបែបធម្មជាតិពិតៗ ខ្យល់អាកាសក៏បរិសុទ្ធល្អ អាហារក៏ឆ្ងាញ់អាចកុម្ម៉ង់បានតាមតម្រូវការ មានតំលៃសមរម្យលឿនរហ័សទាន់ចិត្ត ហើយម្យ៉ាងទៀតក៏មានកន្លែងកំសាន្តផ្សេងៗជាច្រើនទៀតសំរាប់អ្នកដែលស្រលាញ់ទេសភាពបែបមនោសញ្ចេតនាសាមញ្ញ អ្នកដែលធ្លាប់បានមកលេងនៅទីនេះប្រាកដជាចង់មកលេងកំសាន្តម្តងទៀតជាក់ជាពុំខានឡើយម្យ៉ាងវិញទៀតក្រោយកូវីដ-១៩បានបញ្ចប់ទីនោះក៏កំពុងត្រូវបានជាទីចាប់អារម្មណ៍សំរាប់ភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅខេត្ត ក៏ដូចជាភ្ញៀងអន្តរជាតិផងដែរ ៕
ដោយ៖ យឹម សុថាន