ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីប្រាក់គេមកផលិតភាពយន្ត ពេលនេះ ហ៊ុយ យ៉ាឡេង ប្រកាសលក់ផ្ទះនិងរថយន្តដោះបំណុល

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមមុននេះបន្ទាប់ពីផលិតករ និងជាតារាសម្ដែងល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានប្រកាសលក់ផ្ទះរបស់ខ្លួនឡៃឡុងនៅក្នុងតម្លៃក្រោមទីផ្សារប្រមាណជាជាង ១០ម៉ឺនដុល្លារស្ថិតនៅម្ដុំផ្លូវល្បឿនលឿន ក្នុងបុរីម៉នដានី។ការប្រកាសលក់ផ្ទះក្នុងតម្លៃក្រោមទីផ្សារបែបនេះក៏ព្រោះតែលោកខាតបង់ខ្លាំងលើការផលិតភាពយន្ត”គ្រោះកូវីដ១៩” និងបញ្ហាជាប់គាំងលើវិបត្តិជំងឺកូវីដ១៩នេះ។

ផលិតកររូបនេះបានបញ្ជាក់ថា៖”ខ្ញុំនៅជាប់សន្យា និងបំណុលដល់ទៅ២កន្លែង ដើម្បីខ្ចីគេមកបណ្ដាក់ទុនផលិតរឿង ១កន្លែងខ្ញុំខ្ចីគេ ៣ម៉ឺនដុល្លារដោយសន្យាសងថ្លៃដើមនិងជូនប្រាក់ចំណេញ១៥.០០០ដុល្លារថែម ហើយមួយទៀតនោះគឺ ១ម៉ឺនដុល្លារ សន្យាជូនថ្លៃដើមនិងចំណេញ ៥ពាន់ដុល្លារ ផ្សេងទៀត”។ផលិតករល្បីឈ្មោះរូបនេះបន្តថាការខ្ចីគេយកមកបណ្ដាក់ទុនផលិតភាពយន្តនេះ ដោយលោកសង្ឃឹមថាភាពយន្តរបស់ខ្លួននឹងបន្តជោគជ័យថែមទៀត។ តែធាតុពិតមិនដូច្នោះទេ ការរំពឹងទុកបែរជារលាយសូន្យព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ រួមទាំងភាពនឿយនាយរបស់ទស្សនិកជន ដែលសាច់រឿងរបស់លោកទាក់ទងនឹងវិបត្តិជំងឺកូវីដ១៩ក្នុងរឿង”គ្រោះកូវីដ១៩” នេះ។

លោក ហ៊ុយ យ៉ាឡេង បានបន្ថែមទៀតថារឿងនេះនៅថ្ងៃសម្ពោធអ្នកទស្សនាសុទ្ធតែរីករាយនឹងភាពយន្តហើយមានក្រុមហ៊ុន ១សុំទិញរឿងក្នុងតម្លៃ៦ម៉ឺនដុល្លារ ដោយក្ដីបារម្ភលោកក៏កុងត្រាលក់ថ្ងៃបញ្ចាំងថ្ងៃដំបូងលទ្ធផលគឺមិនស្រួលទៅហើយទីបំផុតថ្លៃដើម៨ម៉ឺនបញ្ចាំងបាន៦ពាន់។ដោយឡែកនៅមុននេះលោកបានបង្ហោះឡានម៉ាកព្រូសរបស់លោក ដើម្បីប្រកាសលក់ថែមទៀត ដោយលោកបានភ្ចាប់សាយ៉ាងកម្សត់ថា លាហើយសេះខ្មៅឯងប្រៀបដូចជាកូនរ៉េបទ័របោលគ្រប់ច្រកល្ហកគ្រប់ខេត្តក្រុង ពេលខ្លះឯងប្រៀបដូចជាកូនផ្ទះតូចសម្រាប់ខ្ញុំស្នាក់នៅពេលយប់ខ្ញុំមិនចង់លក់ឯងទេតែដើម្បីរកច្រកចេញរកផ្លូវបានផលិតភាពយន្តបន្តមានតែបង្ខំចិត្តអោយឯងទៅរកម្ចាស់ថ្មីចុះលាហើយលាទាំងអាល័យ។

  មានសិល្បករ ផលិតករ និងអ្នកគាំទ្រលោកជាច្រើនបានផ្ញើសារលើកទឹកចិត្តទៅកាន់ផលិតកររូបនេះឲ្យបន្តប្រឹងប្រែងក្នុងជីវិត និងមុខរបរដែលពួកគេមិនចង់ឲ្យលោកបោះបង់ការផលិតភាពយន្តព្រោះតែកន្លងទៅលោកធ្លាប់បានសាងភាពលេចធ្លោរក្នុងវិស័យភាពយន្តជាបន្តបន្ទាប់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖