ខេត្តព្រះសីហនុ៖ ដេីម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ណាមួយអាចកើតឡើងជាយថាហេតុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តែងតែចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀននានា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តទាំងមូល ។
ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអធិការស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ។ ជាមួយគ្នានេះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ។
ដោយឡែក នាពេលរាត្រី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចាត់ឱ្យកម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
ដោយ៖ស តារា