ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងជប៉ុន ធ្វើការដើម្បីភាពជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា និងជប៉ុន ធ្វើការដើម្បីភាពជោគជ័យនៃភាពជាប្រធានអាស៊ាន របស់កម្ពុជា ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ផ្លាស់ប្តូរយោបល់ និងការពិភាក្សាជាមួយ លោកមិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ អំពីការពង្រឹងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជារវាងអាស៊ាន-ជប៉ុន និងការត្រៀមរៀបចំសម្រាប់ភាព ជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវ រៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។

នៅក្នុងក្របខ័ណ្ឌទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្ដោះអាសន្ននៃដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រី ការបរទេសជប៉ុន Yoshimasa Hayashi ជាពិសេសអំពីសំណើសុំចូលជួបសម្តែងការគួរសម ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ, ការចុះ ហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធស្ដីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់ ជប៉ុន និងសកម្មភាពផ្សេងៗទៀត។ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត ក៏បានលើក ឡើងផងដែរអំពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ។

កិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC + Japan), កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ ជប៉ុន លើកទី១៥, សិក្ខាសាលាដែលត្រូវបានស្នើឡើង ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និង បញ្ហាសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះ ក៏ត្រូវបានពិភាក្សាដោយលោក ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សានេះថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមាន កិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេសដែលចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឱ្យ ល្អបំផុតតាមអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរការរលូន និងមានភាពងាយស្រួលដល់អ្នក ចូលរួមទាំងអស់ ខណៈដែល លោកឯកអគ្គរដ្ឋទូត មីកា – ម៉ាសាហ៊ីរ៉ូ បានធានាអះអាងជាថ្មី ចំពោះ លោកឧបនាយករដ្ឋមន្ត្រី អំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុនសម្រាប់ភាពជោគជ័យ នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖