ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបមួយគ្រឿងបើកឡើងសួនវិមានឯករាជ្យបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR សង្ស័យអ្នកបើកបរបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតឡើងលើសួនជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចសួនវិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR ពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-5105 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលចង្កូតឡើងលើសួនច្បារទៅមុខលែងរួចចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖