ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ឈរបង់សំណាញ់នៅខ្នងទំនប់បារាំងបានរអិលជើងធ្លាក់ចូលក្នុងទឹកត្រូវចរន្តទឹកហូរកួចយកទៅបាត់នៅវេលាម៉ោង៨យប់ថ្ងៃទី១៨ខែកក្កដា ដែលគេមិនសង្ឃឹមថាជនរងគ្រោះនៅរស់នោះឡើយ។ រហូតមក ដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះក្រុមគ្រួសារមិនទាន់ឃើញសពជនរងគ្រោះអណ្ដែតទឹកនៅឡើយទេ។
ករណីនេះបានកើតឡើងនៅលើខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសារបុរសអ្នកបង់សំណាញ់ម្នាក់ ខណៈកំពុងបង់សំណាញ់បានរអិលជើងធ្លាក់ចូលក្នុងចរន្តទឹកហូរកួចខ្លាំងធ្វើឱ្យបាត់ខ្លួនតែម្ដង។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២២ នៅចំណុចលើខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
មន្ត្រីនគរបាលមូលដ្ឋាននិងអាជ្ញាធរនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រោយពេលកើតហេតុរយៈពេលជិត២ ម៉ោងហើយនៅមិនទាន់រកឃើញសពជនរងគ្រោះនៅឡើយ ដោយប្រជាពលរដ្ឋនៅតំបន់នោះកំពុងបន្តស្វែងរក ។ បុរសរងគ្រោះមានឈ្មោះហៅក្រៅ អួន អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ព័ត៌មាននេះក៏បានដឹងដល់ក្រុមគ្រួសារជនរង គ្រោះហើយផងដែរ ។
រហូតមកដល់ម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៨ខែកក្កដានេះ ក្រុមការងារសមត្ថកិច្ចនិងប្រជាពលរដ្ឋព្រមទាំងសាច់ញាតិជនរងគ្រោះនៅមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ដោយពុំមាននរណាម្នាក់ហ៊ានចុះទឹករាវរកជនគ្រោះឡើយ ព្រោះស្ថានភាពយប់ងងឹតហើយទឹកក៏ហូរកួចខ្លាំង ។ ចំណែកក្រុមគ្រួសារជនរងគ្រោះបានរង់ចាំមើលសពជនរងគ្រោះនៅចំណុចស្ពានឈើឆ្លងទៅភូមិកណ្តាលដែលជាកន្លែងចុងខ្សែទឹកហូរចម្ងាយពីកន្លែងកើតហេតុប្រមាណជាង៣០០ម៉ែត្រ ៕
ដោយ៖ សូរិយា