ខេត្តព្រះសីហនុ ៖ «សម័យតេជោសន្តិភាពគឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៊ិស្លាមអាចគោរពប្រតិបត្តិសាសនា ជាមួយនឹងសិទ្ធិសេរីភាពបង្ហាញអត្តសញ្ញាណខ្លួនឯងបានយ៉ាងពេញលេញ»។ នេះជាប្រសាសន៍លើកឡើងរបស់លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសពិសាអាហារសាមគ្គីជាមួយបងប្អូនខ្មែរអ៊ិស្លាម នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង លោក លោកស្រីជាក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងបងប្អូនខ្មែរអ៊ិស្លាមជាច្រើនរូបទៀត។
មានមតិសំណេះសំណាលនាឱកាសនោះ លោក សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាជាប្រទេសពហុវប្បធម៌ ដែលបើកទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការគោរពប្រតិបត្តិសាសនាដែលខ្លួនពេញចិត្ត។ ជាក់ស្តែង បច្ចុប្បន្នបងប្អូនខ្មែរអ៊ិស្លាមមិនត្រឹមតែអាចប្រតិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិពេញលេញក្នុងការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី រៀនភាសា ឬការសាងសង់វិហារសាសនារបស់ខ្លួនដោយគ្មានការរើសអើង និងឃាត់ឃាំងឡើយ។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ទោះបីជាបងប្អូនខ្មែរអ៊ិស្លាមមានសិទ្ធិក្នុងការគោរពជំនឿសាសនាក៏ដោយ ប៉ុន្តែត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីជាកោសិកាល្អក្នុងសង្គម ដែលអាចចូលរួមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ជាតិបន្តរីកចម្រើនទៅមុខទៀត។ ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់បងប្អូនខ្មែរអ៊ិស្លាម មិនត្រឹមតែមានតួនាទីនៅក្នុងសហគមន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការធ្វើការងារតួនាទីដឹកនាំទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាយ សំអាល់ បានថ្លែងអំណរគុណដល់បងប្អូនខ្មែរអ៊ិស្លាមទាំងអស់ដែលបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅ ដែលនេះបានបង្ហាញពីការអនុវត្តសិទ្ធិជាពលរដ្ឋរបស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ស្របតាមដំណើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕
ដោយ ៖ សិលា