ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មន្ត្រីជំនាញក.ប.ប. បន្តពង្រឹងការងារពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ដេីម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបរិភោគ។
ជាក់ស្ដែងមន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ រកឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៨១.៥គីឡូក្រាម និងធ្វើការដកហូតពីតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារ ក្នុងបេសកកម្មត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ និងកម្ទេចចោលនូវទំនិញមិនមានអនុលោមភាពចំនួន ១,០៥០គីឡូក្រាមស្ថិតក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ទំនិញមិនអនុលោមទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានមានចេតនាដាក់លក់ទំនិញខូចគុណភាព៕
ដោយ៖សហការី