ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.)

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អង្គភាព អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២  គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព.-NCTF) បានរៀបចំកិច្ចប្រជុំលើកទី២ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន  គ.ជ.ស.ព. ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុប្រធាន គ.ជ.ស.ព., លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធាន គ.ជ.ស.ព.,   អ្នកឧកញ៉ា  លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ជ.ស.ព. និងតំណាងដៃគូអភិវឌ្ឍន៍។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (១)ពិនិត្យវឌ្ឍនភាពការងារដែលបានដាក់ទិសដៅនាកិច្ចប្រជុំលើកទី១ ចំនួន ០៩ ចំណុច ដើម្បីជំរុញអនុលោមភាពនៃការអនុវត្តកិច្ចព្រមព្រៀង WTO-TFA របស់កម្ពុជា (២)ត្រៀមរៀបចំការជូនដំណឹងស្តីពីកាលបរិច្ឆេទជាក់លាក់ (Definitive Date)នៃការអនុវត្តបញ្ញត្តិប្រភេទ C នៃកិច្ចព្រមព្រៀង WTO-TFA និង (៣)ដាក់ទិសដៅអនុវត្តបន្ត។

លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដែល គ.ជ.ស.ព. និងលេខាធិការដ្ឋានបានបំពេញការងារយ៉ាងសកម្មក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំ និងអនុវត្តការងារផ្សេងៗទៀតក្នុងការតាមដានការអនុវត្តកិច្ចព្រមព្រៀង WTO-TFA ក្នុងរយៈពេលជិត៣ឆ្នាំបន្ទាប់ពីគ.ជ.ស.ព. បានបង្កើតទ្បើង ជាពិសេសការធានាកិច្ចដំណើរការនិងការប្រព្រឹត្តទៅរបស់ គ.ជ.ស.ព. និងលេខាធិការដ្ឋាន, ការជូនដំណឹងទៅគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកទាន់ពេលវេលាដែលបានកំណត់ដោយកិច្ចព្រមព្រៀង, និងការកៀរគរធនធានជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។  

ជាសរុប អង្គប្រជុំបានសម្រេចដាក់នូវទិសដៅការងារបន្តមួយចំនួនដូចខាងក្រោម៖

១. លេខាធិការដ្ឋាន រួសរាន់រៀបចំជូនដំណឹងស្តីពីកាលបរិច្ឆេទជាក់លាក់ (definitive date) ឱ្យបានទាន់ពេលវេលា ជូនគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្ម នៃ WTO។  

២. ស្នើសមាជិក គ.ជ.ស.ព. និងលេខាធិការដ្ឋាន បន្តសម្របសម្រួល និងតាមដានការអនុវត្តកិច្ចព្រមព្រៀង WTO-TFA។

៣. ស្នើក្រុមការងារបច្ចេកទេសទាំងពីរ ដែលបានបង្កើតរួចហើយ អនុវត្តការងារឱ្យបានពេញលេញតាមភារកិច្ចរៀងៗខ្លួន។

៤. លេខាធិការដ្ឋាន និង ARISE Plus Cambodiaជំរុញបញ្ចប់ និងដាក់ឱ្យដំណើរការគេហទំព័ររបស់គណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម។

៥. ស្នើក្រសួង/ស្ថាប័នពាក់ព័ន្ធ ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឱ្យបានពេញលេញ និងផ្តល់ការគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនៅដំណាក់កាលទី៣។

៦. លេខាធិការដ្ឋាន ត្រូវរៀបចំរបាយការណ៍ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មលើកទី២នេះ។

ជាកិច្ចបញ្ចប់នៃអង្គប្រជុំ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណចំពោះ  អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកិច្ចប្រជុំលើកទី២នេះ និងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីនឹងនាំយកនូវលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះទៅរាយការណ៍ជូនថា្នក់ដឹកនាំរបស់ខ្លួន ក្នុងន័យបន្តកិច្ចសហការល្អក្នុងក្របខណ្ឌគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម។ ការបន្តចូលរួមផ្តល់យោបល់ និងចូលរួមអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិស័យឯកជន គឺជាមូលដ្ឋានសំខាន់ដើម្បីឈានទៅដល់ការអនុវត្តតាមបញ្ញតិ្តនានានៃកិច្ចព្រមព្រៀង WTO-TFA បានពេញលេញនាពេលខាងមុខឆាប់ៗ ដែលជាការរួមចំណែកជំរុញកិច្ចសម្រួលពាណិជ្ជកម្ម បង្កើនបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖