ខេត្តស្ទឹងត្រែង៖ ឪពុកម្នាក់បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេចចំនួន២ដង ទើបបែកធ្លាយរឿងដល់ជីដូន បានទៅប្តឹងសមត្ថកិច្ចក្នុងមូលដ្ឋាន ឲ្យចាប់វាយខ្នោះនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលឃុំក្បាលរមាស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លុះមកដល់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ត្រូវលោកយាយឈ្មោះ យិន សុផល ដែលត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះនោះ បានមកដាក់ពាក្យប្ដឹង នៅប៉ុស្តិ៍នគរបាលក្បាលរមាស ឲ្យចាត់វិធានការទៅលើជនសង្ស័យ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា ជនសង្ស័យមានឈ្មោះ អុឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ ធ្វើស្រែចំការ រស់នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ រ.ដ.ច.ថ អាយុ១៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលរមាស កំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖ សូរិយា