ព័ត៌មានទាន់ហេតុការណ៍៖

ហៅភាគីខាងប្រុសមកជជែកឱ្យដាច់ស្រេចរឿងរំលោភប្រពន្ធរបស់ខ្លួនបែរជាបុរសជាប្តីយកដំបងវាយភាគីខាងប្រុសនោះសន្លប់ស្តូកស្តឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយទប់កំហឹងរបស់ខ្លួនពុំបានពីរឿងបុរសម្នាក់រំលោភប្រពន្ធរបស់ខ្លួន បុសជាប្តីបានហៅភាគីខាងប្រុសនោះមកជជែកវែកញែកគ្នាឱ្យដាច់ស្រេច ហើយខណ:ដែលខាងប្រុសនោះមកដល់កន្លែងណាត់ជួប បុរសជាប្តីបានយកដំបងវាយទៅលើភាគីខាងប្រុសដែលរំលោភប្រពន្ធរបស់ខ្លួននោះរងរបួសសន្លប់ស្តូកស្តឹង ហើយទីបំផុតបុរសជាប្តីត្រូវសមត្ថកិច្ចក្របួចជាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២​ វេលា​ម៉ោង១១និង៣០នាទី​នៅចំណុចភូមិ​ឆ្មាពួន ឃុំ​ជើងកើប ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ 

    មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា  ជនរងគ្រោះឈ្មោះ កង ឡេវ ហៅ ឆៃ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិប្រាយុទ្ធ ឃុំត្បែង ស្រុកត្បែង ខេត្តព្រះវិហារ មុខរបររត់ម៉ូតូកង់បី (មិនដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់មកលើជនសង្ស័យឡើយ)។ ជនសង្ស័យឈ្មោះ នៅ វិបុល ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ននៅភូមិព្រែកអង្គញ់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរលក់ដូរ (ឃាត់ខ្លួន)។ ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ កណ្ដាល 1AK- 0250 និងដំបងកូនឈើ០១ដើមប្រវែង ១១០ សង់ទីម៉ែត្រ ។

      ប្រភពដដែលបន្តថា នៅថ្ងៃទី​១៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២២​ មុន​ពេល​កេីតហេតុ​ជនសង្ស័យ​បាន​ឱ្យប្រពន្ធ​របស់ខ្លួន​តេទៅជនរងគ្រោះ​ដេីម្បី​មកនិយាយគ្នាឱ្យដាច់​ស្រេច​រឿងជន​រងគ្រោះ​ធ្លាប់​ចាប់​រំលោភ​ប្រពន្ធ​របស់ខ្លួន​។ ក្រោយពីទទួលទូរស័ព្ទរួចហើយជនរងគ្រោះ​បាន​ជិះឡំប្រឺតាមក​ជួប​ប្រពន្ធ​ជនសង្ស័យ​នៅកន្លែង​កេីតហេតុ​ខាង​លើ។ ពេល​ជនរងគ្រោះ​ជិះឡំប្រឺតាទៅជិត​ដល់​ ជនសង្ស័យ​បាន​ពួន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ដោយ​ទុក​ឱ្យប្រពន្ធ​របស់ខ្លួន​ឈរចាំ​តែម្នាក់​ឯង​។ ខណៈជនរងគ្រោះ​មកដល់ ប្រពន្ធ​របស់​ជនសង្ស័យ​បាន​ឱ្យលុយ​ទៅ​អ្នក​បេីកបរឡំប្រឺតា រួច​បាន​ឈរជជែក​គ្នា​ជាមួយ​ជនរងគ្រោះ​ ហេីយ​ប្រពន្ធ​របស់​ជនសង្ស័យ​បាន​ប្រាប់​ឱ្យជនរងគ្រោះ​ចាំបន្តិច​ខ្លួន​ទៅបត់ជេីងតូច​ ហើយភ្លាម​ៗនោះ​ជនសង្ស័យ​បាន​ដេីរ​ចេញ​មក​ រួចសួរ​ទៅ​ជន​រងគ្រោះ​ថា​ “ហេតុ​អី​បាន​ហ្អែង​ធ្វើ​ចឹង​ដាក់​ប្រពន្ធខ្ញុំ​ ឬ​ចង់​ឱ្យគ្រួសារ​ខ្ញុំ​បែក​បាក់​គ្នា​?”  ពេល​នោះ​ជនរងគ្រោះ​បាន​តបវិញ​ថា​ “ខ្ញុំ​ខុស​ហេីយបង​ បងចង់​ធ្វើ​អីខ្ញុំធ្វេីទៅ​”​ ភ្លាមនោះ​ជនសង្ស័យ​បាន​វាយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិនតវិញទេ​។ ឃេីញបែបនេះប្រពន្ធ​របស់​ជនសង្ស័យ​បានស្រែក​ឃាត់ប្តីរបស់គាត់កុំឱ្យវាយ​ តែ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​កាច់​មែកឈេី​នៅ​ក្បែរ​នោះ​មកវាយ​លេី​ជនរងគ្រោះ​បណ្តាលឱ្យដួល​សន្លប់​ទៅលើដី​។ ពេលនោះ​ប្រជាពលរដ្ឋ​ដែលធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​កេីតហេតុ​ឃេីញ​សកម្មភាព​បែបនេះក៏​រាយការណ៍​ជូន​សមត្ថកិច្ច​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប្រជាការពារ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ជេីងកេីប​បាន​ចុះ​ទៅ​ដល់​កន្លែង​កេីតហេតុ​និង​បាន​ហៅ​រថយន្ដ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កណ្ដាល​ស្ទឹង​ដឹក​ជនរងគ្រោះ​ទៅព្យាបាល​ និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖