ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ លោកសាន ផានិត បានចូលមន្ទីរពេទ្យសម្រាកសង្គ្រោះបន្ទាន់ដើម្បីត្រៀមវះកាត់ ក្រលៀន និងបេះដូង។ ស្ថានភាពនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្រប់គ្នាមិនបានដឹងថា ស្ថានភាពលោកនឹងទៅជាយ៉ាងណានោះ។ ប៉ុន្តែកាលពីម្សិលមិញនេះ ពិតជាថ្ងៃជោគថ្ងៃជ័យមែន ដែលលឺដំណឹងថាលោកបានវះកាត់ដោយជោគជ័យ និងក៏កំពុងតែសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យផងដែរ។
យ៉ាងណាមិញក្រៅពីអាជីពជាសិល្បករ លោកក៏មាននូវជំនួញរកស៊ីធន់បឋមមួយផងដែរ ដែលអាចឲ្យលោកទទួលបានចំណូលក្រៅពីការងារសិល្បៈរបស់លោក។ ហើយមកដល់ពេលនេះក៏មានសិល្បករយើងមួយចំនួនបានទៅសួរសុខទុក្ខលោក និងបានចូលរួមអបអរសាទរជាមួយលោកក្នុងគ្រាវះកាត់មួយនេះ។ បើតាមការបញ្ចាក់របស់លោក សុះ ម៉ាច បានលើកឡើងថាតារាចម្រៀង សាន ផានិត ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយគ្រូពេទ្យជំនាញបានវះកាត់គ្រលៀន និងដាក់រឺស័របេះដូងនៅក្នុងបន្ទប់ជាមួយម្ដាយមីងរបស់លោកដែរ ប៉ុន្ដែពេលនេះលោក សាន ផានិត បានរួចផុតពីគ្រោះភ័យហើយ។ទោះជាយ៉ាងណាលោកត្រូវបន្ដប្រើថ្នាំ និងតាមដានជំងឺពីវេជ្ជបណ្ឌិតរហូតដល់សុខភាពរបស់លោកបានប្រសើរ១០០%។ លោក សុះ ម៉ាច ដែលបានជួបជាមួយលោក សាន ផានិត ផ្ទាល់ មិនបានបញ្ជាក់ថាលោកកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យមួយណានោះទេ ហើយស្ថានភាពចុងក្រោយរបស់អ្នកទាំងពីរយ៉ាងណាទៅហើយក៏មិនទាន់បានបញ្ជាក់ដែរ។
សូមរំលឹកដែរថា ស្នាដៃនៃថ្វីមាត់បង្ហើរសំឡេងរបស់លោក បានធ្វើឲ្យមហាជនពេញចិត្តនឹងរូបលោក ព្រមទាំងសំឡេងរបស់លោកជាខ្លាំង។ ថ្វីត្បិតតែអាយុវិវត្តទៅមុខយ៉ាងណាក្ដីក៏សំឡេងនៃសិល្បករមួយរូបនេះ នៅតែពីរោះអាចឆាបយកអារម្មណ៍របស់ប្រិយមិត្តបានមិនខុសពីមុន។ សារព័ត៌មានរបស់យើង សូមជូនពរលោកពីចម្ងាយ ប្រកបដោយសេចក្ដីសុខ និងឆាប់ជាសះស្បើយពីជំងឺ។តារាចម្រៀងប្រុសវ័យជ្រេ សាន ផានិត ត្រូវបានអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ជួបដោយចៃដន្យនៅក្នុងមន្ទីរពេទ្យមួយ គ្រាដែលលោកទៅសួរសុខទុក្ខម្ដាយមីងរបស់លោកដែលកំពុងសង្គ្រោះនៅទីនោះដែរ៕
ដោយ ៖ វឌ្ឍនា