ខេត្តកណ្តាល ៖ ក្រោយខាំមាត់រឿងធ្វើប្លង់ដីនៅស្រុកកោះធំ ខេត្តកណ្តាល ប្រមាណមួយឆ្នាំមិនទាន់បាន នៅពេលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានទម្លាយភាពយឺតយ៉ាវទាំងនេះនៅលើបណ្តាញសង្គម!
គេនៅចាំបានថា កាលគាត់ជាអធិការនគរបាលស្រុកកោះធំ ឈ្មោះមន្រ្តីនគរបាលរូបនេះ មានភាពល្បីល្បាញលើបណ្តាញសង្គមផងដែរ ចំពោះភាពម៉ឺងម៉ាត់ និងប្រើផ្លូវច្បាប់ចំពោះជនទំនើង អ្នកល្មើសច្បាប់ ការពារ បម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន និងការបង្ក្រាបបទល្មើសនានា!
សម្រាប់គាត់ជានគរបាលពាក់ផ្តាយ២លើស្មា និងជាប្រធានក្រុមការងារចុះជួយឃុំមួយនៅខេត្តព្រៃវែង ដែលអាចនិយាយថាជាមន្រ្តីជាន់ខ្ពស់បក្សម្នាក់ផងដែរ រអ៊ូរទាំរឿងធ្វើប្លង់ដី ចុះពលរដ្ឋផ្សេងវិញ? ទោះជាយ៉ាងណា ការលំបាកនេះ ក៏មិនកើតឡើងគ្រប់កន្លែង កើតឡើងចំពោះរាល់គ្នាដែរ ពោលមន្រ្តីភូមិបាល និងអាជ្ញាធរជាច្រើនទៀត ក៏បានជួយដោះជូនពលរដ្ឋបានល្អប្រសើរផងដែរ!
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានទម្លាយភាពយឺតយ៉ាវទាំងនេះនៅលើបណ្តាញសង្គម! ថា, (ជាមន្ត្រីរាជការដូចគ្នាទេ សូម អាណិតមេត្តាផង មន្រ្តីសូរិយាដី ស្រុកកោះធំ បើថាទារ លុយឱ្យដឹងទារលុយ កុំក្បាច់រចនា ច្រើនពេក…. តែទាល់ច្រកបុកភ្នំក៏ បុកដែរ ! ) ។ លោកបន្តថា ,(ដោយមានការឆ្លើយតបវិជ្ជមាន និងសំណូមពរលុប ខ្ញុំបាទធ្វើតាម សំណើរ មូលហេតុ ខ្ញុំបាទសុំត្រឹម មួយសុខៗ ប៉ុន្តែខ្ញុំបាទរងចាំមើល អ្វីៗដែលបានសន្យា I) ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានសំណេរទៀតថា, ( ខ្ញុំថា គួរដល់ម៉ោងខ្ញុំដឹកនាំការបង្ហាញអារម្មណ៍ចង្អៀតចិត្តដែលកំពុងក្លាយជា ដំបៅពិបាកព្យាបាលអស់ពេលជាយូរឆ្នាំ ។ អាជ្ញាធរនេះហើយជាឪពុកម្តាយ ទី២ដែលប្រជាជនខ្វះមិនបាន ចុះបើឪពុកម្ដាយគិតតែផឹកសប្បាយ និងរកគ្រប់ វិធីវិតកកូនៗចាក់យកឈាមគ្មានស្គាល់អ្នកមានឬអ្នកក្របែបនេះ តើប្រជាជន សង្ឃឹមអ្វី??? ហ៊ាននិយាយថាក្លាយជាជនប្រឆាំង បើសម្ងំរងទុក្ខ ធ្វើខ្លាំងថា ឈ្លើយ… ចុះអស់លោកវិញជាអ្វីឱ្យប្រាកដ? កុំអាង អាងមិនអាចជួយបាន គ្រប់បញ្ហាទេ ព្រោះអាងនៅតូចជាងបឹង ។ ចូរមើលភ្នំក្រោយខ្ញុំ ខ្ពស់ពិតត ទាបជាងស្មៅ រីឯស្មៅក៏មានអ្វីនៅពីលើ… Sic.. ) ៕
ដោយ ៖ សុខ ខេមរា