ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាស៥មករា យ៉ាងលឿនជ្រុលទៅបុករថយន្ត បើកបត់ត្រឡប់ក្រោយចំទ្វារមុខខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យដួលម៉ូតូនឹងមនុស្សខ្ទាតចូលក្រោមរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចចុងស្ពានអាកាស៥មករាប៉ែកខាងលិច ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកMazda ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2 BA-7379 បើកចុះពីលើស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន រួចក៏បានបត់ឆ្វេងត្រឡប់ក្រោយ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1DG-1484 ជិះឌុបគ្នាស្របគ្នាពីក្រោយតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី យ៉ាងលឿន មកដល់ត្រង់ចំណុចកើតហេតុអកស្ស៊ឺជាន់ហ្រ្វាំងមិនទាន់បានជ្រុលទៅបុករថយន្តMazda បត់ត្រឡប់ក្រោយចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យដួលម៉ូតូខ្ទាតទាំងមនុស្សនឹងម៉ូតូ ចូលក្រោមរថយន្តហើយភ្លាមនោះដែរ ក៏បានប្រជាពលរដ្ឋជិតខាងជួយទាញបុរស២នាក់ ចេញពីក្រោមរថយន្តរួចទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើករថយន្ត បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ