ខេត្តបាត់ដំបង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៧១ដប.ចខ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ របស់លោក ឆែ វីរ: និងដីកាលេខ ២១២ តព្រ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ របស់លោក ឡូញ ចាន់ត្រា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនពិរុទ្ធជនខាងលេីនេះ បានធ្វេីឡេីងនៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចក្រុមទី០២ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាប់ចោទម្នាក់ឈ្មោះ បាន សំបឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំនុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។
បច្ចុប្បន្នពិរុទ្ធជនខាងលេី ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖អារុណរះ