ព័ត៌មានទាន់ហេតុការណ៍៖

ចិន អំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន

ចែករំលែក៖

អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក បានអំពាវនាវដល់ភាគីទាំងសងខាងនៅក្នុងសង្គ្រាមអ៊ុយក្រែន រក្សាការអត់ធ្មត់ និងតភ្ជាប់ឡើងវិញនៃកិច្ចពិភាក្សា ដើម្បីបញ្ចប់សង្គ្រាម។
អគ្គរដ្ឋទូតចិនបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបន្តកិច្ចពិភាក្សាឡើងវិញរវាងភាគីពាក់ព័ន្ធ ក្នុងនោះមានទាំងអាមេរិក និងណាតូ ។
មានប្រសាសន៍នៅក្នុងវេទិកាសន្តិសុខ Aspen នៅទីក្រុង Colorado អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក បានព្រមានថា សង្គ្រាមដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបន្តរាលដាលទ្រង់ទ្រាយធំ ហើយបង្កឲ្យមានជនភៀសខ្លួនកាន់តែច្រើន វិបត្តិទ្រង់ទ្រាយធំនឹងកើតឡើង បើមិនបញ្ឈប់សង្គ្រាមជាបន្ទាន់នោះទេ ។
នៅពេលនេះស្ថានភាពកាន់តែតានតឹងខណៈ លោកខាងលិចបន្តផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន ក៏ដូចជាបន្តដាក់ទណ្ឌកម្ម លើកទី៧ ដល់ប្រទេសរុស្ស៊ីទៀតផង។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសម្តែងការខកចិត្តចំពោះភាពមិនពេញលេញ នៃកញ្ចប់ទណ្ឌកម្មទី៧ របស់សហភាពអឺរ៉ុប ដែលគ្រោងនឹងដាក់ចេញដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ។
ក្នុងសុន្ទរកថាតាមរយៈវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «វានៅមិនទាន់គ្រប់គ្រាន់ទេ ហើយខ្ញុំសូមប្រាប់ទៅកាន់ដៃគូរបស់ខ្ញុំ ដោយស្មោះត្រង់។ រុស្ស៊ីត្រូវតែទទួលបានអារម្មណ៍ថាមានសម្ពាធខ្ពស់ជាងនេះ សម្រាប់ការបង្កសង្រ្គាម និងដើម្បីបង្ខំឲ្យទីក្រុងមូស្គូត្រឡប់មករកសន្តិភាព»។
សហភាពអឺរ៉ុបកំពុងធ្វើការងារក្នុងការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី៧របស់ខ្លួន ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូនោះ រុស្ស៉ីបានបង្កើន ការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ ក៏បាននិយាយថាគោលបំណងយោធារបស់រុស្ស៉ីនៅក្នុងប្រទេស អ៊ុយក្រែន គឺមិនមែនផ្ដោតត្រឹមតែតំបន់ដុនបាស់ នោះទេ៕

ដោយ៖ ធីរីណា(រូបថត៖ CGTN)


ចែករំលែក៖