ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគទី៥ ចុះត្រួតពិនិត្យការបាញ់គ្រាប់ពិត លទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ពិសេស ឆ្នាំ២០២២

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​យោធភូមិភាគ​ទី៥​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា​៖​ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ នាព្រឹកមិញនេះ​ បានចុះត្រួតពិនិត្យការបាញ់គ្រាប់ពិត លទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ពិសេស ឆ្នាំ២០២២ និងមានចូលរួមពីនាយសេនាធិការរង យោធភូមិភាគទី៥  នាយការិយាល័យបច្ចេកទេស នៅទីលានបាញ់គ្រាប់ពិតមរកតតេជោសែនភ្នំវាលចាប។

ប្រភពដដែលបន្តថា​ ពិធីបាញ់គ្រាប់ពិតក្នុងពេលនេះមាន ២ កាយវិការ៖

១. កាយវិការ ដេកបាញ់ ។ 

២. កាយវិការ លត់ជង្គង់បាញ់ ។ 

ក្រោយពីបញ្ចប់ការបាញ់ លទ្ធផលទទួលបានចំណាត់ថ្នាក់ល្អ មានចំនួន ២៨នាក់ និងចំណាត់ថ្នាក់មធ្យម មានចំនួន ៦នាក់។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា បានលើកឡើងពីស្នាដៃគុណសម្បត្តិរបស់យោធិន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដណ្តើមស្នាដៃ លើកិច្ចការពារ បូរណភាពទឹកដី ជូនជាតិមាតុភូមិ លោក ឧត្តមសេនីយ៍ទោ បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់មេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន នៃបញ្ហាការដ្ឋានទ័ពពិសេសទាំងអស់ និងក្រុមគ្រូយោធាចារ្យ ដែលបានសហការ សាមគ្គីឯកភាពជាធ្លុងមួយ ធ្វើឲ្យសម្រេចនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំនាពេលនេះដោយជោគជ័យ។ ត្រូវបន្តជំរុញការយកចិត្តទុកដាក់ បង្កើនសមត្ថ ភាពធនធានមនុស្ស ដើម្បីដើរតាមការ វិវឌ្ឍន៍ជឿនលឿន លើគ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ ការហ្វឹកហ្វឺន ថ្ងៃនេះ គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធាន មនុស្ស ប្រកបដោយសមត្តភាព គុណភាពខ្ពស់ ដើម្បីបំរើឲ្យការបំពេញភារកិច្ច បំរើជាតិ មាតុភូមិរបស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត។ 

លោកឧត្តមសេនីយ៍ទោ  ក៏បានផ្តាំផ្ញើដល់ប្អូនៗដែលត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត លើការសិក្សារៀនសូត្រគ្រប់ជំនាញ វិជ្ជាជីវៈ ដើម្បីក្លាយជាអ្នកបន្តវេន ទៅថ្ងៃអនាគត និងបានជំរុញនាយទាហាន ពលទាហាន ត្រូវចូលរួមថែរក្សា សុខសន្តិភាព មិនអនុញ្ញាតិឲ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមាន សន្តិភាព មកដល់ពេលនេះដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារ ការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន និងចូលរួមគាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ជារៀងរហូត និងគាំទ្រសេចក្តីសម្រេចជាឯកច្ឆន្ទជ្រើសតាំង លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានាយករដ្ឋមន្ត្រីនាពេលអនាគត។ ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួង សុខាភិបាល ៣កុំ និង ៣ការពារឲ្យបានជាប់ជាប្រចាំ ដើម្បីចៀសផុតពីការឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩។

 ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឧបត្ថម្ភថវិកា ចំនួន ១.២០០.០០០រៀល ដល់វគ្គហ្វឹកហ្វឺននេះផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖