ភ្នំពេញ ៖ ប្រជុំដកពិសោធន៍ លើការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ដែលខិតខំប្រឹងប្រែង យកចិត្តទុកដាក់រាល់កិច្ច ការ ដែលបានប្រគល់ឱ្យ ព្រមទាំងមានទំនាក់ទំនងល្អ ជិតស្និទស្អិតល្មុត គោរពតាម ឋានានុក្រម តួនាទី ភារកិច្ចរបស់ខ្លួន ធ្វើឱ្យកិច្ច ការទាំងអស់ ក្នុងកិច្ចប្រជុំ ADMM សម្រេចបានលទ្ធផលគួរជាទីមោទនៈ នាពេលកន្លងមកនេះ និងមានការកោតសរសើរពីថ្នាក់ដឹកនាំនានារបស់កងទ័ពអាស៊ាន ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំដក ពិសោធន៍លើការរៀបចំ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ានលើកទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅនេះនៅទីស្តីការក្រសួងការពារជាតិ ។
ពិធីនេះប្រព្រឹត្តទៅ កាលពីថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី ២១ ខែ កក្តដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការពារជាតិ ជាន់ផ្ទាល់ដី នាបន្ទប់នាគព័ន្ធ ។ ក្នុងឱកាសនោះផងដែរ ក៏មានការលើកឡើង ពីនាយឧត្តម សេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ កិច្ចការបរទេស ក្រសួង ការពារជាតិ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយក រង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយក នាយកដ្ឋានហិរញ្ញវត្ថុ លើកឡើង ពីចំណុចខ្លាំង ខ្សោយ និងទិសដៅអនុវត្តសម្រាប់កិច្ចប្រជុំនាចុងឆ្នាំ ២០២២ ដែលគ្រោងនឹងរៀបចំ នៅខេត្តសៀមរាប ទឹកដីអង្គរនៃមាតុ ភូមិយើង។ រាល់ចំណុចសេសសល់ លើសលោះ ខ្វះខាត នឹងបន្តកែលំអ សម្រាប់កិច្ចប្រជុំបន្ត ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខ ដើម្បីទទួលបានលទ្ធផល ដូចការគ្រោងទុក ៕
ដោយ ៖ សហការី