ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ៖​ បន្តដឹកនាំកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍និងផ្តល់មតិណែនាំស្តីពីនីតិវិធីនៃការអនុញ្ញាតផ្តល់ទិដ្ឋាការឱ្យជនបរទេសចូលមកធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការស្នើសុំរបស់ក្រុមហ៊ុន និងកិច្ចប្រជុំការងារស្តីពីការគ្រប់គ្រងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍។ 

 កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ  និងមន្រី្តជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូបទៀត។ 

 ជាកិច្ចចាប់ផ្ដើម​ លោកប្រធានអង្គប្រជុំបានមានមតិបើកអង្គប្រជុំ និងបានអនុញ្ញាតឱ្យលោកប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនរាយការណ៍អំពីលទ្ធផលការងារនៃការចុះត្រួតពិនិត្យហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ 

ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារដែលក្រុមការងារជំនាញបានចុះធ្វើការត្រួតពិនិត្យទីតាំងអាជីវកម្មនានាដែលបានស្នើសុំផ្តល់ទិដ្ឋាការអនុញ្ញាតឱ្យជនបរទេសចូលមកធ្វើការនៅទីតាំងរបស់ខ្លួនជូនអង្គប្រជុំ។ 

ជាបន្តមកទៀត សមាជិកនៃអង្គប្រជុំបានចូលរួមមតិអំពីបញ្ហាប្រឈមមួយចំនួននៃការត្រួតពិនិត្យសំណុំឯកសារស្នើសុំ និងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសចូលមកធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជាតាមការស្នើសុំរបស់ក្រុមហ៊ុន។ 

នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់នាយកដ្ឋានជំនាញឱ្យពន្លឿននីតិវិធីក្នុងការត្រួតពិនិត្យសំណុំឯកសាររបស់ក្រុមហ៊ុនដែលបានស្នើសុំអនុញ្ញាតឱ្យជនបរទេសមកធ្វើការនៅទីតាំងរបស់ខ្លួនឱ្យបានលឿន និងត្រូវសហការជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីរៀបចំសេចក្តីព្រាងស្តីពីបែបបទនីតិវិធីស្តង់ដារប្រតិបត្តិក្នុងការអនុញ្ញាតឱ្យជនបរទេសចូលមកធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជាតាមការស្នើសុំរបស់ក្រុមហ៊ុន ដើម្បីស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួងនាពេលខាងមុខ។

បន្ទាប់មក លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន័​ បានបន្តដឹកនាំកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍។ 

ពាក់ព័ន្ធនឹងការងារគ្រប់គ្រងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ លោកនាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំបានប្រគល់ភារកិច្ចដល់នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យាត្រូវសហការជាមួយនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ឡើងវិញឱ្យបានសុក្រឹត្យ និងត្រូវរៀបចំសេចក្តីព្រាងស្តីពីលក្ខណៈសម្បត្តិរបស់អ្នកដំណើរបរទេសដែលត្រូវអនុញ្ញាតផ្តល់ទិដ្ឋាការឱ្យចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ និងសម្រេច៕

ដោយ៖ស​ តារា​


ចែករំលែក៖