ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យលួចរថយន្តរបស់ព្រះសង្ឃទៅស្នងការដើម្បីចាត់ការបន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួនទៅស្នងការខេត្តនៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើសកកម្មភាពលួចរថយន្តរបស់វត្តយកទៅលក់ ជួបកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើរល្បាតនៅពេលយប់មានការសង្ស័យក៏ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ។

 លោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន មានប្រសាសន៍ថា ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ចំណុចអង់តែន០៩៧ផ្លូវទៅដើមក្រឡាញ់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក 

លោកបន្តថា៖ជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ ផាត វ៉ានី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន ស្នាក់នៅ ភូមិរំសៃ ឃុំ ថាប់ស្តេត ស្រុក តាប្រាយ៉ា ខេត្ត ស្រះកែវ ប្រទេសថៃ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា កម្លាំងប៉ុស្តិ៍អូរកំបុតចំនួន ០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ប៉ុក រតនា នាយរងប៉ុស្តិ៍បានធ្វើការល្បាតតាមផ្លូវព្រំដែន ក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ បានប្រទះឃើញរថយន្ត ១គ្រឿង ម៉ាក Luxus RX300   ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK3150  ឈប់ចតចោលនៅលើបណ្តោយផ្លូវ លេខ៥៨ ត្រង់ចំណុចអង់តែន០៩៧ ផ្លូវទៅដើមក្រឡាញ់ ដោយមានរយៈពេលយូរក៏ទៅសួរនាំ ម្ចាស់រថយន្ត ក្រែងមានអ្វីអាចឲ្យជួយ ភ្លាមនោះម្ចាស់រថយន្តបានឆ្លើយថាចង់លក់ឡានតម្លៃ៣០០,០០០បាត(៣សែនបាត) លឺដូច្នេះកម្លាំងយើងមានការសង្ស័យក៏បាននាំខ្លួនបញ្ជូនមកទីបញ្ជាការដ្ឋានវរសេនាតូចការរពារព្រំដែនគោកលេខ៨០៧ ដើម្បីសាកសួរព័ត៌មានជុំវិញករណីចង់លក់ឡានទាំងយប់នេះ។

ក្រោយសួរនាំជនសង្ស័យបានសារភាពថាខ្លួន បានលួចយកឡានរបស់ព្រះសង្ឃនៅវត្តមួយនៅប៉ោយប៉ែត  យកមកលក់។

ក្រោយពីទទួលបានចម្លើយសារភាពនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវរសេនាតូចបានឃាត់ខ្លួនមនុស្សនិងរថយន្ត  ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖