ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនពន្លះរថយន្តដឹកសំរាមពីក្រោយរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

    ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តដឹកសំរាមពីក្រោយពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរនិងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់និងស្រាល។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ខាងត្បូងភ្លើងស្តុប៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AC-9324 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករថយន្តដឹកសំរាមដែលកំពុងឈប់ប្រមូលសំរាមពីក្រោយខាងឆ្វេង ពេញទំហឹង បណ្ដាលឱ្យអ្នករួមដំណើរម្នាក់អង្គុយជាប់នឹងអ្នកបើកបរគាបជាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញមកក្រៅ រួចទំនាក់ទំនងទៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖