ព័ត៌មានទាន់ហេតុការណ៍៖

ម្សិលមិញនេះ​! ច្រកព្រំដែនអានសេះចាប់ផ្តើមបើកវិញហើយ​ ខណៈផ្អាកអស់រយៈពេល២ឆ្នាំកន្លងទៅ

ចែករំលែក៖

ខេត្ត​ព្រះវិហារ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា​ ច្រកព្រំដែនអានសេះជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារបានបើកដំណើរឱ្យប្រជាពលរដ្ឋចេញ-ចូល ឡើងវិញហើយ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ បន្ទាប់ពីបិទជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្តខេត្តព្រះវិហារ បានបញ្ជាក់ថា៖ «តាមការឯកភាពគ្នារវាងភាគីខ្មែរ និងភាគីថៃ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញដូចការគ្រោងទុក ហើយនៅថ្ងៃនេះដែរ លោកក៏បានដឹកនាំក្រុមការងារចុះមកពិនិត្យដោយផ្ទាល់ដំណើរការបើកច្រកអានសេះ ក៏ដូចជាសកម្មភាពដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋនៃប្រទេសពីរផងដែរ»។

លោក វុធ តារ៉ា ក៏បានបង្ហាញក្តីសប្បាយរីករាយ ដោយបានមើលឃើញប្រជាពលរដ្ឋជាអាជីវករគាត់បានប្រកបរបរអាជីវកម្មលក់ដូរឡើងវិញ ដូចមុនព្រឹត្តិការណ៍ជំងឺកូវីដ១៩ មិនទាន់ឆ្លងរាលដាល។

អភិបាលស្រុកជាំក្សាន្ត​រូបនេះ​ បានណែនាំបន្ថែមដល់បងប្អូនអាជីវករខ្មែរ ត្រូវបន្តការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឱ្យបានជាប់ជាប្រចាំ។

គួរបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការបើកដំណើរការច្រកអានសេះឡើងវិញ ភាគីកម្ពុជា-ថៃ បានការឯកភាពគ្នាដូចខាងក្រោម៖

*ថ្ងៃបើកច្រកមានចំនួន៣ថ្ងៃ គឺថ្ងៃអង្គារ៍ ព្រហស្បតិ៍ និង សៅរ៍ ដោយបើកចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៤៖៣០ រសៀល។

*ប្រជាពលរដ្ឋចេញ-ចូល ត្រូវកត់ឈ្មោះបង្ហាញកាតចាក់វ៉ាក់សាំង បើគ្មានកាតទេ ត្រូវមានលិខិតបញ្ជាក់ពីមណ្ឌលសុខភាព ក្នុងរយៈ ពេល ២៤ប៉ុណ្ណោះ ពាក់ម៉ាស់ ពិនិត្យកំដៅ។

*ទីតាំងផ្សារ គឺជាអាជីវកម្មសេដ្ឋកិច្ចគ្រួសារខ្នាតតូច ត្រូវទទួលខុសត្រូវខ្ពស់ ផ្នែកអនាម័យតាមតូប តាមផ្សារ មានការវិចខ្ចប់ ទៅដាក់កន្លែងមានសុវត្ថិភាព ឥវ៉ាន់ចេញ-ចូល អនុញ្ញាតឱ្យមានរទេះរុញ។

*រួមគ្នាសហការទប់ស្កាត់គ្រឿងញៀន ជួញដូរមនុស្ស ធនធានធម្មជាតិ សត្វព្រៃ មុខជំនួញ ដែលច្បាប់បានហាម។

* អនុញ្ញាតឱ្យអ្នកជំងឺដែលត្រូវសង្គោះបន្ទាន់ចូលបានតែមិនទាន់អនុញ្ញាតឱ្យមានការចូលពិនិត្យសុខភាពនៅឡើយទេ(ភ្ជាប់មកនូវកាតវ៉ាក់សាំង)។

*ក្របខ័ណ្ឌមន្ត្រីរាជការ បញ្ជូនអ្នកទោស ដែលរួចខ្លួនពីការកាត់ទោសចេញ ចូលតាមច្រកនេះបានចំពោះឡានសំរាប់មន្ត្រីអាចចេញ ចូលបានដោយសហការជាមួយទំនាក់ទំនងព្រំដែននៃប្រទេសទាំង២ ចូលដល់ត្រឹមទីប្រជុំជននៃស្រុកទាំង២ ជាំក្សាន្ត និងណាំយឺន។ 

សូមជម្រាបថា​ ចំពោះការបើកឱ្យដំណើរការឡើវិញច្រកអានសេះនេះឡេីងវិញ​ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ដោយពួកគាត់អាចប្រកបរបររកសុី ដោះដូរទំនិញជាគ្នាបានឡើងវិញ ដើម្បីបង្កើនសេដ្ឋកិច្ចចិញ្ចេីមគ្រួសារជាដើម៕

ដោយ​៖សហការី​


ចែករំលែក៖