ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះពាក្យសម្ដីតឹងសរសៃ កដាក់គ្នារវាងអាជីវករម្នាក់និងមន្ត្រីអន្តោប្រវេស្ដន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ផ្ទុះជម្លោះពាក្យសម្ដីនិងធ្វើឲ្យមានការកកស្ទះចរាចរណ៍ផ្លូវចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាង១ម៉ោងបន្ទាប់ពីប៉ូលិសអន្តោប្រវេស្ដន៍បានឃាត់រថយន្តអាជីវករម្នាក់ទុកចោលជាង១ម៉ោងដោយចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នៅស្ថិតសង្កាត់.ក្រុងប៉ោយប៉ែត។

ដោយគេឃើញមានការជជែកតឹងសរសៃកដាក់គ្នា រវាងបុរសម្នាក់ដែលស្គាល់ថាជាអាជីវករនៅក្រុងប៉ោយប៉ែតឈ្មោះ គួច ម៉េង បានទាស់សម្ដីជាមួយ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះរឿងឃាត់រថយន្តម៉ាកឡិចស៊ីសRX.470ដែលពាក់ស្លាកលេខភ្នំពេញ2F.8838នៅក្បែររង្វង់មូលប៉ុស្ដិ៍ត្រួតពិនិត្យមិនឲ្យចូលទៅក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបានឱ្យម្ចាស់រថយន្តបើករថយន្តត្រឡប់ក្រោយវិញដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប៉ោយប៉ែត។

តាមសំដីបុរសអាជីវករ បានប្រាប់ថា៖ មូលហេតុដែលកើតមានទំនាស់ពាក្យសំដីទុករថយន្តចោលមុខច្រកទ្វារនេះ គឺបណ្តាលមកពីសន្តិសុខបានបិទបារាសមិនឲ្យរថយន្តគាត់ចូលក្នុងគោលបំណងទៅផឹកកាហ្វេជាមួយមិត្តភក្តិសាច់ញាតិតូបកាហ្វេនៅក្បាលស្ពាននៅពេលបើករថយន្តចូលដល់ប៉ុស្តិ៍ខាងមុខផ្លូវចូលច្រកទ្វារស្រាប់តែសន្តិសុខដែលកាន់បារាសបានទាញបិទមិនឲ្យចូល ហើយប៉ូលិសអន្តោប្រវេសន៍បានដើរសួរឱ្យទំលាក់កញ្ចក់រថយន្តត្រួតពិនិត្យបានសួរថា៖ ទៅណា? គាត់ឆ្លើយតបវិញខ្ញុំខ្មែរគ្មានអីទៅក្រៅស្រុកខ្មែរនោះទេ។ ក្រោយឆ្លើយតបត្រូវបានសន្តិសុខ និងប៉ូលិសអន្តោរប្រវេសន៍ខឹងបិទបារាសមិនឱ្យបើករថយន្តចូលទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយក៏ទុករថយន្តចោលមុខប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បណ្តាលស្ទះចរាចរណ៍តែម្ដង។

អាជីវកររូបនោះបានបញ្ជាក់ថា៖ តាមពិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលហើយប្រជាពលរដ្ឋក្រុងប៉ោយប៉ែតចេញ.ចូលទៅកំសាន្តនៅបរិវេណកាស៊ីណូដែលជាកន្លែងកំសាន្តប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត មូលហេតុអ្វីបានជាសន្តិសុខ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានដាក់បារាសហាមឃាត់ និងសួរនាំនៅពេលចេញ.ចូលទៅវិញវាពិតជាលំបាកនៅពេលចេញ.ចូលទៅមករបស់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់បានប្រាប់ថា៖ មូលហេតុដែលស្ទះចរាចរណ៍កើតឡើងនៅក្បែររង្វង់មូលចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះព្រោះតែមានបុគ្គលម្នាក់ដែលគេស្គាល់ជាអាជីវករល្បីឈ្មោះនៅក្រុងប៉ោយប៉ែតលក់ទំនិញផ្សាររុងក្លឿប្រទេសថៃបានចតរថយន្តចោលនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតទើបបណ្តាលឱ្យស្ទះនៅពេលនេះ ត្រូវបានឱ្យម្ចាស់ឡានបើកទៅកាន់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីដោះស្រាយគ្នាត្រូវបានបញ្ចប់រួចរាល់ហើយសូមកុំឱ្យមានការភាន់ច្រឡំនិងប៉ះពាល់សណ្តាប់ធ្នាប់នៅពេលក្រោយទៀត៕

 ប្រជាពលរដ្ឋបានលើកឡើងថាៈករណីខាងលើនេះមិនមែនតែអាជីវករតែម្នាក់នោះទេ តែក៏បានធ្វើឲ្យពលរដ្ឋជាច្រើនលំបាកឆ្លងកាត់ប៉ុស្ដិ៍នេះ ដែលអ្នកយាមហាក់សម្ដីគ្មានសុជីវធម៌ឲ្យពលរដ្ឋចុះបណ្ដើរពេលជិះម៉ូតូដល់បារាស ទាំងមានកូនខ្ចីឬស្រ្តីមានផ្ទៃពោះក៏ដោយ ជាងនេះពួកគាត់ថាចំពោះមន្ត្រីបែជានាំគ្នាជិះរថយន្តឬម៉ូតូឆ្លងកាត់បារាសគ្មានការត្រួតពិនិត្យនិងធ្វើមិនស្មើភាពគ្នាអនុវត្តច្បាប់ចំពោះតែពលរដ្ឋគ្មានតម្លាភាពឡើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖