ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៦ខែឆ្នាំនេះ អគ្គិភ័យកើតឡើង២៥១​លើក សម្លាប់មនុស្ស១១នាក់ និងបំផ្លាញផ្ទះជាង៤០០ខ្នង

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន២៥១លើកនៅទូទាំងប្រទេស ហើយបណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរងរបួស៣២នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នង,ល្វែង ។ ករណីនេះភាគច្រើនដោយ សារការធ្វេសប្រហែស។ យ៉ាងណាក៏ដោយតួលេខនេះមានការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំទៅ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះអគ្គិភ័យបានបណ្តាលឱ្យខូចខាតតូបលក់ដូរចំនួន៤៦តូប,ឆេះឃ្លាំងទំនិញចំនួន១៣កន្លែង,ឆេះរោងចក្រនិងសិប្បកម្មចំនួន៦កន្លែង,អគាររដ្ឋបាល២កន្លែង,សាលារៀន២ខ្នងឆេះខូចខាតស្រូវជង្រុក១៣តោន,គ្រាប់ពោត២០តោន, រថយន្ត២០គ្រឿង,ម៉ូតូ៨៣គ្រឿងនិងចំការស្វាយចន្ទីទំហំ ៦ហិកតា ។ 

តួលេខគ្រោះអគ្គិភ័យនេះ បើប្រៀបធៀបទៅនឹងរយៈ ពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២១និង២០២០កន្លងទៅឃើញថា មានការថយចុះតែករណីស្លាប់និងរបួសមានចំនួនប្រហាក់ប្រហែលគ្នា។ រយៈពេល៦ខែដើមឆ្នាំ ២០២១មានគ្រោះអគ្គិភ័យកើតឡើងចំនួន២៨៨លើកនៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤ នាក់និងរបួសចំនួន២៩នាក់ព្រមទាំង​ខូចខាតផ្ទះ សម្បែងចំនួន៣២១ខ្នងខូចខាតតូបផ្សារចំនួន៨០តូបឃ្លាំងទំនិញចំនួន១១កន្លែង រោងចក្រនិងសិប្បកម្មចំនួន១១កន្លែងនិងអគាររដ្ឋបាលចំនួន១៧កន្លែង។

 ចំណែក៦ខែឆ្នាំ២០២០មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន​ង​៤០៦លើកបណ្តាលឱ្យស្លាប់មនុស្សចំនួន១៣នាក់និងរងរបួសចំនួន២៤នាក់ខូចខាតលំនៅដ្ឋានចំនួន៤៤៦ខ្នង តូបផ្សារចំនួន១០០តូប ឃ្លាំងទំនិញចំនួន៥កន្លែង រោងចក្រសិល្បកម្មចំនួន២១កន្លែង និងអគាររដ្ឋបាលចំនួន៨កន្លែង។

អាជ្ញាធរមានសមត្ថកិច្ចបន្តអំពាវនាវឱ្យប្រជាពលរដ្ឋម្ចាស់លំនៅឋានមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គិភ័យនេះ។ ពីព្រោះវាបានធ្វើឲ្យទ្រព្យសម្បត្តិដែរខិតខំសន្សំរកទាំងប៉ុន្មាននឹងត្រូវរលាយតែមួយពព្រិចភ្នែក៕

ដោយ៖ សូរិយា


ចែករំលែក៖