ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៤នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនបានជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័របត់ចូលឃ្លាំងបណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនស្រីប្រុស៤នាក់ជិះម៉ូតូឌុបគ្នាយ៉ាងល្បឿនមិនប្រយ័ត្នបានជ្រុលទៅបុកចូលក្រោមរថយន្តកុងតឺន័រស៊ីញ៉ូបត់ចូលឃ្លាំង បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ស្រាលម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២១ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញបុរសម្នាក់បើករថយន្តសណ្តោងទូរកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C-3066 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុបានស៊ីញ៉ូបត់ស្ដាំបត់ចូលឃ្លាំង ដល់ពាក់ណ្ដាលផ្លូវស្រាប់តែមានយុវជនប្រុសស្រី៤នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាស្គូពីពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GT-7011 ជិះតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងល្បឿន ដោយអកស្ស៊ឺចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុកចូលក្រោមកុងតឺន័របណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់បីនាក់ស្រាលម្នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើករថយន្តកុងតឺន័រត្រូវសមត្ថកិច្ចឃាត់សួរនាំ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៌ ចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖