ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២២ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. នៅថ្ងៃទី២០-២១ ខែកក្កដា បានបន្តអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៥បន្ថែមទៀតក្រោយរកឃើញមិនមានអនុលោមភាពក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៥៧ទីតាំងដែលបានត្រួតពិនិត្យ។
ការបន្តអនុវត្តច្បាប់លើម្ចាស់ដេប៉ូចំនួន ១១ទីតាំងនេះគឺស្ថិតនៅស្រុកដងទង់ ខេត្តកំពត, ស្រុកជើងព្រៃនិងស្រុកចំការលើ ខេត្តកំពង់ចាម, ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ, ស្រុកសង្កែ ស្រុកបាណន់ ស្រុករតនមណ្ឌល ស្រុកគាស់ក្រឡ និងស្រុកសំឡូត ខេត្តបាត់ដំបង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។
គួររំលឹកផងដែរថា ការត្រួតពិនិត្យនេះគឺមានគោលបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ទប់ស្កាត់នូវអំពើមិនសុចរិតក្នុងធុរកិច្ច និងស្របតាមច្បាប់ដែលមានចែងជាធរមាន៕
ដោយ៖សហការី