ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងស្រុកកងមាស​កាន់តែមានភាពងាយស្រួល បន្ទាប់ពីទទួលបានស្ពាន និង​ផ្លូវ​បេតុង​ថ្មី​ទើបសម្ពោធដាក់ប្រើប្រាស់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ស្ពាន​បេឡេត៍ ប្រវែង ៥៤ម៉ែត្រ និង​ផ្លូវ​បេតុង​អាម៉េ​ប្រវែង ៤៥៦ម៉ែត្រ ក្នុង​ភូមិ​ដំណាក់​ល្អិត ឃុំ​រកាគយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ថ្នាក់​ដឹកនាំ​ខេត្ដ​កំពង់ចាម អភិបាល​ស្រុក​កងមាស និង​ប្រជាពលរដ្ឋ​នៃ​ស្រុក​កងមាស​សរុប​ប្រមាណ​ចំនួន ៥១២​រូប​ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។

ថ្លែង​ក្នុង​ឱកាស​នេះ លោករដ្ឋមន្ត្រី​បាន​ចូលរួម​អបអរ​សាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៃ​ឃុំ​រកាគយ ស្រុក​កងមាស​ទាំងអស់ ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ដែល​ទទួល​បាន​ស្ពាន​ និងផ្លូវថ្មីសម្រាប់​បម្រើ​ដល់​ការ​ធ្វើដំណើរ ការ​ដឹក​ជញ្ជូន​កសិផល និង​ការ​កាត់​បន្ថយ​ពេល​វេលា​ដែល​ត្រូវ​វៀង​ឆ្ងាយ​ផង​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោករដ្ឋមន្ត្រី បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ លោកអភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម លោក​អភិបាល​ស្រុក និង​សហការី​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ផ្តល់​កិច្ចសហការ និង​គាំទ្រ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​រីករាល​ដាល​នៃជំងឺកូវីដ-១៩ នៅ​ក្នុង​មូលដ្ឋាន​នៃ​ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​ល្អ ព្រម​ទាំង​ការ​ចូលរួម​របស់​អាជ្ញាធរ​ដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​បាន​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ប្រកប​ដោយ​ស្មារតី​សាមគ្គីភាព ភក្តីភាព និង​មោះមុត ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ និង​ធានា​ផ្ដល់​នូវ​ការ​រៀន​សូត្រ​តាម​គ្រប់​រូបភាព​ដល់​សិស្សានុសិស្ស ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ អស់​រយៈ​ពេល ២ឆ្នាំកន្លងមកនេះ។ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរួម​ទាំង​អស់​គ្នា ក្នុង​ការ​អនុវត្ត​វិធាន ៣កុំ៣ការពារ ជា​បន្ត​ទៀត ព្រម​ទាំង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ថ្មី​ នៅ​ក្នុង​ភូមិ​ដំណាក់​ល្អិត ឃុំ​រកាគយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ចាប់​ពី​ពេល​នេះ​ត​ទៅ៕ 

ដោយ ៖ សិលា


ចែករំលែក៖