នៅព្រឹកថ្ងៃទី២២ខែកក្កដានេះ កម្លាំងប៉ូលិសនិងទាហានស្រីលង្កាបានបំបែកហ្វូងបាតុករនៅក្នុងទីក្រុង កូឡុំប៊ូ ។ កម្លាំងប៉ូលិសបានរុះរើតង់ និងបំបែកហ្វូងបាតុករ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា កម្លាំងប៉ូលិសស្រីលង្កានៅថ្ងៃទី ២២ខែកក្កដា បានចាប់មនុស្ស៩នាក់ ក្រោយពីកម្លាំងទាហាននិងប៉ូលិសបោសសម្អាតជំរំបាតុករនៅមុខវិមានប្រធានាធិបតីស្រីលង្កា។
ការបំបែកក្រុមបាតុករកើតឡើងមុនប៉ុន្មានម៉ោងនៃការកំណត់ពេលចុងក្រោយសម្រាប់ក្រុមបាតុកររុះរើទីតាំងបាតុកម្មចេញ ។ ការបំបែកក្រុមបាតុករកើតឡើងក្រោយពេលដែលលោក Ranil Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ស្រីលង្កា។
ប្រធានាធិបតី Ranil Wickremesinghe បានបញ្ជាក់ថា ក្រុមបាតុករដែលដណ្តើមគ្រប់គ្រងទីតាំងរដ្ឋាភិបាលគឺជារឿងខុសច្បាប់។ រដ្ឋាភិបាលថ្មីនឹងធ្វើគ្រប់យ៉ាងដើម្បីបំបែកក្រុមបាតុករ ប្រសិនបើក្រុមបាតុករមិនព្រមបំបែកនោះ ។
មុនពេលឡើងកាន់តំណែងប្រធានាធិបតី លោក Ranil Wickremesinghe បានប្រកាសថា នឹងបំបែកក្រុមបាតុករ ហើយរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញនៅស្រីលង្កា៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN-VNA)