ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តឡើងលើកាំជណ្ដើរអគារ The BRIDGE កល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តនីស្សាន់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតឡើងលើកាំជណ្តើរអគារThe BRIDGE បម្រុងទម្លុះចូលទៅក្នុងម៉ាត តែសំណាងល្អកល់ជាប់ទៅមុខលែងរួច។

    ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៧៨ ក្បែរស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តនីស្សាន់ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-3180 ចេញពីកោះពេជ្រ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញរថយន្តរេចង្កូតមកខាងឆ្វេងដៃឡើងកាំជណ្ដើរអគារThe BRIDGE បណ្ដាលឱ្យកាំជណ្ដើរមួយកាំបែកអស់មួយដុំ រីឯរថយន្តកល់ជាប់ទៅមុខលែងរួច ភ្លាមៗនោះអ្នកបើករថយន្តបានបើកថយក្រោយវិញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឱ្យភាគីខាងរថយន្តធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីម្ចាស់អគារ ដែលក្រោយមកខាងភាគីរថយន្ដព្រមចេញសំណងចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុមិនរំខានដល់សមត្ថកិច្ចទៀតឡើយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖