ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាកVOLVEGAN បើកលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលទៅបុករថយន្តLEXUS LX570 រួចបន្តទៅបុករថយន្ត Ford មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

     ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកVOLVEGAN មួយគ្រឿងបើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តLEXUS LX570 ពីចំហៀងខាងក្រោយពេញទំហឹង រួចបន្តទៅបុករថយន្ត Ford Ranger មួយគ្រឿងទៀតដែលចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្សារតាប៉ាង តាមបណ្តោយផ្លូវ១៣៦ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Lexus LX570 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN-9506 បើកតាមបណ្ដោយផ្លូវលេខ១៣៦ពីលិចទៅកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកVOLVEGAN ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AL-9788បើកតាមបណ្ដោយផ្លូវលេខ៥១ ពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្ត Lexus LX570 ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយពេញទំហឹង ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត២០ ម៉ែត្រក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ2BO-3069ដែលម្ចាស់ចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាត។ចំណែករថយន្តបង្កហេតុរងការខូចខាតខ្ទេចមួយកំណាត់មុខ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖