ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​​ បន្តចុះ​ពិនិត្យ​និង​បង្ក្រាប​ការ​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់

ចែករំលែក៖

ខេត្ត​​កំពង់ឆ្នាំង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ផ្លូវ​ទូក​ បាន​សហការ​ជាមួយ​ក្រុម​សហគមន៍​នេសាទ​ ចុះ​ពិនិត្យ​និង​បង្ក្រាប​ការ​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់។ 

របាយការណ៍​ដដែល​បន្ត​ថា​ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ផ្លូវ​ទូក​ បាន​សហការ​ជាមួយ​ក្រុម​សហគមន៍​នេសាទ​ និង​កម្លាំង​ប្រជា​ការពារ​សរុប​ចំនួន​១១​នាក់​ ដឹកនាំ​ដោយ​លោក​ អនុសេនីយ៍ឯក​ អ៊ុំ​ សំ​អុ​ន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្លូវ​ទូក​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​ កាលពី​ម្សិលមិញនេះ​ បាន​ចុះ​ពិនិត្យ​និង​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ចំណុច​ក្រពើ​ស្គម​,​ បឹង​ស្នោ​,​ ចុង​ព្រែក​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ផ្លូវ​ទូក​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​បង្ក្រាប​ដកហូត​បាន​ ៖​ របាំង​សាច់​អួន​ចំនួន​ ១០​កន្លែង​ ប្រវែង​ ៧០០​ម៉ែត្រ​ ,​លប​លូ​សាច់​អួន​ចំនួន​ ១២​គ្រឿង​,​បង្គោល​ ចំនួន​៧៥​ដើម​,​លែង​កូន​ត្រី​ ចម្រុះ​ចំនួន​១០​គីឡូក្រាម​ ឧបករណ៍​ សម្ភារៈ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖