ភ្នំពេញ ៖ ព័ត៌មានបច្ចុប្បន្នភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ា៖ គិតត្រឹមម៉ោង ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យេីងរកឃេីញអ្នកពាក់ព័ន្ធសរុបចំនួន ៥នាក់ហេីយ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។ នេះជាការបញ្ជាក់ឱ្យដឹងពី លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា, ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហេីយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យប្រសិនបេីមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមេីលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។ អរគុណ
សូមបញ្ជាក់ថា, សូមសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ឈានដល់ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
ដោយ ៖ សិលា