ខេត្តពោធិ៍សាត់៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ បានឃាត់ខ្លួនអ្នកនេសាទចំនួន៣នាក់ នៅចំណុចទំនប់តាចាន់ ក្នុងភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ កក្កដាម្សិលមិញនេះ ពាក់ព័ន្ធនឹងការធ្វើសកម្មភាពនេសាទប្រើប្រាស់ឧបករណ៍ ឆក់ត្រី ខុសច្បាប់។
របាយការណ៍ដដែលបន្តថា អ្នកនេសាទខុសច្បាប់ទាំង៣នាក់រួមមាន៖ ទី១,ឈ្មោះ ផន វាសនា ,ទី២ឈ្មោះ ពូក កែវ និងទី៣,ឈ្មោះ បឿន សម្បត្តិ ពួកគាត់ទាំង៣នាក់នេះរស់នៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន។ ខណៈដែលពួកគេឃើញសមត្ថកិច្ចភ្លាម ក៏នាំគ្នាទម្លាក់ឧបករណ៍ឆក់ត្រីចោល រួចរត់យ៉ាងលឿនបាត់ស្រមោលតែម្តង។ ប៉ុន្តែទោះបីព្យាយាមរត់គេចខ្លួនយ៉ាងណា សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណពួកគេទាំង៣នាក់នេះរស់នៅក្បែរទីតាំងប្រព្រឹត្តិបទល្មើស ទេីបសមត្ថកិច្ចក៏បានទៅនាំខ្លួនពួកគេយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវតែម្តង។
ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតបានរួមមាន៖ ដុំឆក់ត្រី០១គ្រឿង, អាគុយធុន ៤០អាំពែរ ០១គ្រឿង និងដងឆក់ត្រីធ្វើពីប្ញស្សី ចំនួន០១គូរ។
គួរបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនអ្នកនេសាទទាំង៣នាក់នេះ គ្រាន់តែយកមកធ្វើការណែនាំ កិច្ចសន្យា និងអប់រំមិនឱ្យប្រព្រឹត្តិបទល្មើសដូច្នេះទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ព្រោះតែពួកគេគ្រាន់តែឆក់ត្រីក្នុងស្រែ ក្រោយម៉ាស៊ីនច្រូតស្រូវនោះទេ រីឯឧបករណ៍នេសាទខុសច្បាប់វិញ ត្រូវរក្សាទុកនៅប៉ុស្តិ៍នគរបាលស្វាយដូនកែវ៕
ដោយ៖សហការី