ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតត្រឹមមួយប៉ព្រិចភ្នែក ដោយសារការធ្វេសប្រហែសដោយខ្លួនឯង ខណៈយកឌុយសាកថ្មបញ្ចូលទូរស័ព្ទ មកបង់.ករួចដោតចូលព្រីភ្លើង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់តែម្ដង ។
ហេតុការណ៍ធ្វេសប្រហែសនេះ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិ.សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជួន សេរីវិវឌ្ឍ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដងឡង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
អាជ្ញាធរខាងលើបញ្ជាក់បន្ថែមទៀតថា ករណីសាកថ្មទូរស័ព្ទដាក់ខ្សែលើ.កខ្លួនឯងបណ្ដាលឲ្យឆក់ស្លាប់នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធចុះសហការ ជាមួយអាជ្ញាធរដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ មុនប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន