ភ្នំពេញ៖ រថយន្តម៉ាកRangRover ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបើក ទាំងរថយន្តបែកកង់ និង ជុំវិញរថយន្តសុទ្ធតែស្នាមគ្រាប់កាំភ្លើង មកឈប់ នៅមន្ទីរពេទ្យសម្ភព សុខភាពស្ត្រី ហើយមាន បុរសជនបរទេសពីរនាក់ បានចេញពីរថយន្ត ក្នុងស្ថានភាពរបួសឈាមពេញខ្លួន រត់ចូលក្នុងមន្ទីរ ពេទ្យសុំការសង្រ្គោះ ។ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេក ខាងមន្ទីរសម្ភពបដិសេធមិនហ៊ានទទួលព្យាបាល បុរសជនបរទេសទាំងពីរនាក់បានចញ ទៅបាត់ ដោយបន្សល់ទុកតែរថយន្ត។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាម បណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខមន្ទីរសម្ភព សុខភាពស្រ្តី ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រថយន្តដែលជនរងគ្រោះជិះម៉ាក Rang Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខ កម្ពជា JS.3333 នៅលើរថយន្ត មានស្នាមគ្រាប់កាំភ្លើងបាញ់ធ្លុះចំនួន០៧កន្លែង ដោយទ្វារ ខាងឆ្វេង០១ គ្រាប់ ទ្វារក្រោយខាងឆ្វេងចំនួន០៤គ្រាប់ កង់ក្រោយខាងឆ្វេងចំនួន០១គ្រាប់ និង កញ្ចក់ក្រោយ០១គ្រាប់ សរុបចំនួន០៧គ្រាប់ ។
នៅកន្លែងកើតហេតុមិនមានប្រភពណាអាចបញ្ជាក់បានថាជាករណីអ្វី ឱ្យពិតប្រាកដនោះទេ និងការបាញ់ប្រហារ ក៏មិនដឹងថាកើតឡើងនៅ ចំណុចណាដែរ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនមានការភ្ញាក់ផ្អើល គេឃើញរថយន្តម៉ាក RangRover ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ដូចកំពុងរត់គេចខ្លួនពីអ្វីមួយ អញ្ចឹង ក្នុងល្បឿនលឿន ទាំងស្ថានភាពរថយន្តបែកកង់ក្រោយខាងឆ្វេងខូច។ ខណៈរថយន្តធ្វើ ដំណើរមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្ត ហើយមានបុរស២នាក់ ខ្លួនប្រឡាក់សុទ្ធតែឈាម បានរត់សម្រុកទៅគោះទ្វារ សុំការសង្គ្រោះមន្ទីរសម្ភព។
បើតាមប្រភពពី គិលានុបដ្ឋាយិកា របស់មន្ទីរសម្ភព សុខភាពស្រ្តី បានប្រាប់ សមត្ថកិច្ចឱ្យដឹងថា គាត់ឃើញបុរសជនបរទេស ២នាក់ ខ្លួនសុទ្ធតែឈាម បានមកគោះទ្វារកញ្ចក់សុំការសង្គ្រោះ ។ ដោយសារតែរបួស់ធ្ងន់ធ្ងរ ពួកគាត់មិនហ៊ានទទួលទេ ហើយបានណែនាំឲ្យទៅមន្ទីរពេទ្យផ្សេង និយាយចប់ បុរសទាំងពីរនាក់ ក៏ចេញទៅបាត់ទៅ បន្សល់តែរថយន្តនៅទីនេះ ដោយពួកគាត់មិនដឹងថាទៅមន្ទីរពេទ្យណាទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរថយន្តហើយយក រថយន្តមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និង ស្វែងរកម្ចាស់រថយន្តមកបំភ្លឺ ទើបបន្តនីតិវីធីនៅពេលក្រោយបន្តទៀត៕
ដោយ ៖ រ៉ារ៉ា