ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពស្ទាក់ពីមុខម៉ូតូមួយគ្រឿងជិះដោយនារីម្នាក់ ហើយគំរាមសម្លាប់ហើយដឹកជនរងគ្រោះយកទៅប្លន់យកម៉ូតូនិងគ្រឿងអលង្ការមួយចំនួន រួចចាប់រំលោភនាងម្តងម្នាក់ៗបានសម្រេច ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ទៅ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់កន្ទោកខាងត្បូង ខណ្ឌកំបូល រាជធានីភ្នំពេញ។
នារីរងគ្រោះអាយុ ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ស្លាកភ្នំពេញ1IF-8117 ចេញពីកន្លែងស្នាក់នៅក្នុងគោលបំណងទៅរកហូបអីនៅម្ដុំទួលពង្រ លុះជិះមកដល់ផ្លូវ៣០ម៉ែត្រត្រង់ចំណុចមុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្គូពីមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូរបស់គាត់ ហើយជនសង្ស័យក៏បានគំរាមមិនឱ្យស្រែក និងប្រើហិង្សាមកលើរូបគាត់ ដោយបង្ខំឱ្យទៅតាមពួកគេ។ ជនរងគ្រោះបានបន្តទៀតថា ពេលនោះរូបគាត់ក៏ចង់ស្រែកឱ្យគេជួយដែរតែខ្លាចជនសង្ស័យទាំងនោះធ្វើបាបគាត់។ ក្រោយមកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់គាត់ ដោយឌុបរូបគាត់រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពដោះយកខ្សែក កងដៃ ចិញ្ចៀននិងទូរស័ព្ទដៃមួយគ្រឿង រួមនឹងម៉ូតូមួយគ្រឿងថែមទៀត។ បន្ទាប់ពីជនសង្ស័យប្លន់យកម៉ូតូនិងគ្រឿងអលង្ការរួចហើយ ក្រុមជនសង្ស័យទាំងនោះមិនអស់ចិត្តក៏នាំគ្នាចាប់រំលោភរូបគាត់ម្ដងម្នាក់ៗបានសម្រេច ហើយបានថតជាវីដេអូទុកទៀត និងគំរាមរូបគាត់ថាបើហ៊ានប្រាប់ដល់សមត្ថកិច្ចពួកវានឹងតាមសម្លាប់រូបគាត់។ ក្រោយពីជនសង្ស័យប្លន់និងរំលោភរូបគាត់បានសម្រេចហើយ ជនសង្ស័យទាំងនោះក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ទៅ។ ជនរងគ្រោះបានបន្តទៀតថា ក្រោយពីជនសង្ស័យទៅអស់ រូបគាត់បានរត់ស្រែកឱ្យគេជួយ រហូតភ្ញាក់ផ្អើលដល់សន្តិសុខដែលយាមនៅរោងចក្រមួយកន្លែងក៏មកសួរនាំគាត់ ហើយបានជូនទៅផ្ទះប្រជាពលរដ្ឋមួយកន្លែងដើម្បីឱ្យគេជួយ។ជនរងគ្រោះបានប្រាប់ទៀតថា កន្លងមកជនសង្ស័យបានស្គាល់ហ្វេសប៊ុករបស់គាត់ ហើយបានឆាតមកគាត់ជាច្រើនលើកច្រើនសាតែគាត់មិនឆ្លើយតប ហើយជនសង្ស័យទាំងនោះបានប្រាប់រូបគាត់ថាពួកគេតាមដានរូបគាត់ពីរបីថ្ងៃហើយ។ សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះជនសង្ស័យនិងជនរងគ្រោះប្រហែលជាធ្លាប់ស្គាល់គ្នា។
ក្រោយមករឿងហេតុនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការសួរនាំទៅលើជនរងគ្រោះហើយក៏បាននាំនាងមកបង្ហាញកន្លែងកើតហេតុ រួចហើយនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីឱ្យសមត្ថកិច្ចងាយស្រួលស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖និន សុភ័ស្ត