ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ មានករណីចាប់ឃុំឃាំង និងបង្ខាំងជនជាតិចិន ១៣នាក់ដោយខុសច្បាប់ ប្រព្រឹត្តនៅ ក្នុងកាស៊ីណូ យីហោ អ៊ូវ ហ្សឺ ខា អ៊ុ យៀក ក្រុង-ខេត្តព្រះសីហនុ ,ទោះអភិបាលខេត្តជួយអន្តរាគមន៍ ,ប៉ុន្តែសមត្ថកិច្ចមិនមានចំណាត់ការ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មាន ជនជាតិចិនចំនួន ១៣នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានគេចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តនៅ ចំណុចកាស៊ីណូ យីហោ អ៊ូវ ហ្សឺ ខាអ៊ុ យៀក ក្រុង-ខេត្តព្រះសីហនុ ។ នេះបើយោងតាម ពាក្យបណ្តឹង របស់ឈ្មោះ Wang Shao Meng ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីឱ្យជួយចុះផ្សព្វផ្សាយ ជុំវិញបញ្ហានេះបានដឹងដល់ថ្នាក់លើ មេត្តាអន្តរាគមន៍រំដោះពីរង្វង់ក្រុមជនទុច្ចរិតទាំងនោះ។ 

សូមបញ្ជាក់ថា , ជនជាតិចិនឈ្មោះ Wang Shao Meng មិនត្រឹមតែបានផ្ដល់នូវពាក្យបណ្ដឹងប៉ុណ្ណោះ គាត់ថែមទាំងមកកាន់ដល់ ទីស្នាក់ការមជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” ផ្ទាល់ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះផងដែរ ។ 

ជនជាតិចិនឈ្មោះ Wang Shao Meng បានបញ្ជាក់ថា, គាត់បានដាក់ពាក្យបណ្តឹងក្នុងករណីខាងលើនេះ សូមគោរពចូលមក លោកអភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ដោយក្នុងកម្មវត្ថុ បានបញ្ជាក់ថា, សំណើរសុំអន្តរាគមន៍ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តទៅចំណុចកាស៊ីណូ យីហោ អ៊ូវ ហ្សឺខា អ៊ុយៀក ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ។

ថែមទាំងបង្ហាញ យោងៈ-លិខិតឆ្លងដែនរបស់ជនងគ្រោះ ចំនួន ១៣នាក់  (ថតចម្លង)ថែមទៀត។ 

និងយោងតាមវីដេអូ សកម្មភាពដែលជនរងគ្រោះផ្ញើមកឱ្យជួយអន្តរាគមន៍ ចំនួន ៣ វីដេអូ ។ 

ក្នុងពាក្យបណ្តឹងបានបន្តថា, សេចក្ដីដូចបានចែងនៅក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនឯកឧត្តមអភិបាលមេត្តាជ្រាបថាៈ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មិត្តភក្តិរបស់ខ្ញុំបាទចំនួន ១៣នាក់មាន១-ឈ្មោះ Qin ie ភេទប្រុស, ២-ឈ្មោះ Xing_Jlan_ភេទប្រុស, ៣-ឈ្មោះ Tang Xiao Xiong ភេទប្រុស, ៤-ឈ្មោះ Wang, Kang ភេទប្រុស, ៥-ឈ្មោះ Zhang Weitao ភេទប្រុស, ៦-ឈ្មោះ Ren Li ភេទស្រី, ៧-ឈ្មោះ Mo Xiang Qlu  ភេទប្រុស, ៨-ឈ្មោះ Yang Jun ភេទប្រុស, ៩-ឈ្មោះ Li Xin ភេទប្រុស, ១០-ឈ្មោះ Yin un ភេទប្រុស, ១១-ឈ្មោះ Lei Xin Xiong ភេទប្រុស, ១២-ឈ្មោះ Mou Shuang ភេទប្រុស និង១៣-ឈ្មោះ Ma Zhi Chao ភេទប្រុស ដែលត្រូវបានគេចាប់បង្ខាំងនៅក្នុងកាស៊ីណូយីហោ អ៊ូវ ហ្សឺ ខា  អ៊ុយៀក ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទាក់ទងមកខ្ញុំបាទដោយបានប្រាប់ថា ពួកខ្លួនត្រូវបានគេចាប់បង្ខាំង ហើយពួកគេបានទាក់ទងប្ដឹងទៅសមត្ថកិច្ចដោយខ្លួនឯង ។ 

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ទៀតថា, មុនពេលដែលសមត្ថកិច្ចចុះទៅ ដល់កន្លែងកើតហេតុ ក្រុមចាប់បង្ខាំង បានមកគម្រាមកំហែងមិត្តភក្តិរបស់ខ្ញុំបាទ មិនឱ្យឆ្លើយការពិតឡើយ ដោយខ្លាចការ គម្រាមកំហែង ពួកគេក៏ព្រមធ្វើតាមការគម្រាម ហើយឆ្លើយប្រាប់សមត្ថកិច្ចថាមិនមានការបង្ខាំងនោះទេ ។ លុះដល់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៣រសៀល មិត្តភក្តិរបស់ខ្ញុំបាទ បានទាក់ទងមកម្តងទៀតដើម្បីឱ្យ ស្វែងរកការអន្តរាគមន៍ជួយរំដោះពួកគេបានចេញពីការចាប់ឃុំឃាំងវិញទើបខ្ញុំបាទសម្រេចចិត្តដាក់ពាក្យប្ដឹងទៅឯកឧត្តមអភិបាលខេត្តដើម្បីជួយអន្តរាគមន៍រំដោះមិត្តភក្ដិខ្ញុំបាទមកវិញ ។ មិត្តភក្តិរបស់ខ្ញុំបាទបានឱ្យព័ត៌មានមកថា ពួកគាត់ ទាំង១៣នាក់ ត្រូវបានបង្ខាំងនៅអគារលេខ៣ ដោយឈ្មោះ Li Xin និងឈ្មោះ Yin Jun ស្នាក់នៅបន្ទប់លេខ ៥២, ឈ្មោះ Yang Jun ស្នាក់នៅបន្ទប់លេខ ៥១៦, ឈ្មោះ Lei Xin Xiong និងឈ្មោះ Ren Ú ស្នាក់នៅបន្ទប់លេខ ៥១៩, ឈ្មោះ Wang Kang និងឈ្មោះ Ma Shi Chao ស្នាក់នៅបន្ទប់លេខ ៥៦២, ឈ្មោះ Hou Shuang ឈ្មោះ Zhang Wel Tao ឈ្មោះ Qin Jie និងឈ្មោះ Tang Xiao Xiong ស្នាក់នៅបន្ទប់លេខ៥០៣ ហើយពួកគេត្រូវបានបង្ខំឱ្យ ធ្វើការនៅអគារលេខ១ ជាន់ទី៨ ការិយាល័យលេខ ១៨០២ នៃអគារ អ៊ូវ ហ្សឺ ខា អ៊ុយៀក ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាល នៃគណអភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ ដើម្បីរំដោះមិត្តភក្តិរបស់ខ្ញុំបាទទាំង១៣នាក់ បានមានសេរីភាពវិញ ដោយក្តីអនុគ្រោះ ។ សូមឯកឧត្តមអភិបាល នៃគណអភិបាលខេត្ត ទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំបាទ ។

ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានជួយអន្តរាគមន៍ក្នុងរឿងនេះផងដែរនោះ ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ថា, ខ្ញុំបានធ្វើកិច្ចការនេះហើយ សូមមេត្តាប្រាប់ទៅខាងដើមបណ្ដឹងផង ឲ្យគាត់មកខេត្តព្រះសីហនុ ជាបន្ទាន់។ លោកអភិបាលខេត្តបានបន្តថា, សំខាន់ពេលនេះសូម្បីតែខ្ញុំក៏រកដែលមិនដឹងបានឃើញផង បើខាងលោកបានឃើញដើមបណ្ដឹងសូមជួយប្រាប់គាត់ឲ្យមកខេត្ត ខ្ញុំជួយកិច្ចការគាត់ទេ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំអត់ទាន់បានដឹងរឿងហ្នឹងទេ បើខាងលោកមានពាក្យបណ្ដឹង ឬមានដឹងថាជនរងគ្រោះដែលត្រូវដឹងនោះនៅឯណាជួយផ្ដល់ព័ត៌មានផង ឬក៏ជួយសហការផ្ដល់រូបភាពការបង្ខាំង ការធ្វើទារុណកម្ម គាត់ដូចជាពាក្យបណ្ដឹងតាមប្រព័ន្ធតេឡេក្រាមឲ្យខ្ញុំផង។

ពាក់ព័ន្ធក្នុងករណីនេះ, អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២២ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ដោយឡែកលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏មិនអាចសុំការបំភ្លឺបានដូចគ្នា ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល។

សូមបញ្ជាក់ជូនផងដែរថា, បើតាមការលើកឡើងពីសាច់ញាតិ មិត្តភក្តិ ជនរងគ្រោះដែលជាដើមបណ្ដឹង បានបញ្ជាក់ថា, លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជួយចាត់ចែងក្នុងរឿងនេះ ដោយយកចិត្តទុកដាក់បំផុត ។ ប៉ុន្តែគាត់មានចម្ងល់ថា, ហេតុអ្វីកខាងសមត្ថកិច្ចមិនមានចំណាត់ការក្នុងរឿងនេះដើម្បីរំដោះមិត្តភក្កិរបស់គាត់ដែលកំពុងត្រូវបានចាប់ខ្លួននិងបង្ខាំងដោយខុសច្បាប់ ៕

IMG_5138

ដោយ ៖ មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត”


ចែករំលែក៖