ខេត្តក្រចេះ ៖ លោក នូ សុផល អភិបាលរងស្រុកស្នួលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តខ្លួនឯងក្រឡាប់ធ្លាក់ពីលើផ្លូវចូលប្រឡាយទឹក បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨-២៦៩ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមរបាយការណ៍នគរបាលចរាចរណ៍បានឱ្យដឹងថា លោក នូ សុផល អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ធ្វើដំណើរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងដោយបើករថយន្ដម៉ាកហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-5300 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះបានរេចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកតែម្ដង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តមន្ទីរពេទ្យយកទៅប្រគល់ជូនក្រុមគ្រួសារនៃសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សូរិយា