ព័ត៌មានទាន់ហេតុការណ៍៖

រហូតមកដល់ព្រឹកនេះអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាការធ្វើតេសលទ្ធផលនៅតែវិជ្ជមាន

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិបានមានប្រសាសន៍នៅព្រឹកថ្ងៃ ទី២៥កក្កដានេះថា ក្រសួងសុខាភិបាលបានបន្តធ្វើតេស្តទៅលើអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ាម្តងទៀត លទ្ធផលនៅតែវិជ្ជមាននៅឡើយ តែស្ថានភាពសុខភាពធម្មតាទេ។ លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិកាតបន្តថា « មកដល់ពេលនេះស្ថានភាពគាត់ធម្មតាទេ គ្រាន់តែយើងបានពិនិត្យ តេស្តគាត់ម្ដងទៀត គឺគាត់នៅតែវិជ្ជមាននៅ ទ្បើយ »។

ជាមួយគ្នានោះក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកពាក់ព័ន្ធចំនួន ៥ នាក់ជាមួយបុរសជនជាតិនីហ្សេរីយ៉ានេះ។ ការតាមដានសុខភាពនិងស្វែងរកមេរោគអុតស្វាចំពោះអ្នកទាំង៥នាក់គឺអវិជ្ជមាននៅឡើយ។ យ៉ាងណាក៏ដោយក្រសួងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់។

លោកស្រីវេជ្ជបណ្ឌិតយក់ សម្បត្តិ បានបន្តទៀតថា បច្ចុប្បន្ននេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរសូវៀតបន្តជួយព្យាបាលគាត់ និងតាមដានដោយមានការប្រុងប្រយ័ត្នហើយ មិនបានគិតប្រាក់ទេ។

បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះ មានឈ្មោះ អូសម៉ុងសាហាហ្សីរីម មានអាយុ ២៧ឆ្នាំ បានគេចខ្លួន​ពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​ឃាត់ខ្លួន​កាលពីល្ងាចថ្ងៃទី២៣កក្កដានៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការរាជធានីភ្នំពេញ សង្កាត់ទួលទំពូង។ បច្ចុប្បន្ននេះ​បុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅ ព្រឹកថ្ងៃទី២៥កក្កដានេះថា«គិតត្រឹមម៉ោង  ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤  ខែកក្កដា  ឆ្នាំ២០២២នេះ យើងរក​ឃើញអ្នកពាក់ព័ន្ធ សរុបចំនួន ៥នាក់ហើយ  ដែលបានណែនាំឱ្យពួកគាត់ នៅដាច់ដោយឡែកសម្រាប់​តាមដានសុខភាពពួកគាត់។  ពួកគាត់ទាំង  ៥នាក់នេះ  មិនទាន់បង្ហាញសញ្ញាណាមួយ  ដែលបញ្ជាក់ពីការឆ្លង​នៅឡើយទេ  ទោះជាយ៉ាងណា  ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគេ និងតាមដានសុខភាព​ផ្ទាល់ខ្លួនហើយយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគ​សញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»៕

ដោយ៖ សូរិយា


ចែករំលែក៖