ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-នីហ្សេរីយ៉ា បង្ហាញជំហររួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិស័យ​យោធា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី EA EJODAME ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ត្រី EA EJODAME បានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការ ពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់កម្ពុជា ដែលក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនង និងកិច្ចប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា។ 

លោកឧត្តមសេនីយ៍ត្រី EA EJODAME បានគូសបញ្ជាក់ថា កម្ពុជា និងនីហ្សេរីយ៉ា មានលក្ខណៈស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រ ធ្លាប់ទទួលរងនូវសង្រ្គាម ហើយបច្ចុប្បន្នប្រទេសទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានសន្តិភាព និងកំពុងចែករំលែកបទពិសោធន៍ពីការទទួលបានសន្តិភាពនេះទៅដល់បណ្តាកងទ័ពនៅលើពិភពលោក។

បើតាមលោកឧត្តមសេនីយ៍ត្រី EA EJODAME ភាពខ្លាំងរបស់កងទ័ពប្រទេសទាំងពីរ កម្ពុជា នីហ្សេរីយ៉ា អាចសហការគ្នាបាន ដោយផ្អែកលើប្រទេសទាំងពីរមានវិទ្យាស្ថានកងទ័ព, មានសាកលវិទ្យាល័យការពារជាតិ និងមានមជ្ឈមណ្ឌលថែរក្សាសន្តិភាពដូចគ្នា ជាការផ្តល់ឱកាសដល់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាបានយ៉ាងច្រើន។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះការលើកឡើងរបស់លោក ឧត្តមសេនីយ៍ត្រី EA EJODAME ក្នុងការស្វែងរកឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដោយនាយឧត្តមសេនីយ៍ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា អ្វីៗនឹងដំណើរការល្អប្រសើរ ពិសេសនៅលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលអាចឈានទៅដល់ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖