ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឱ្យរថយន្តមួយគ្រឿងខ្ទាតចូលផ្ទះប្រជាពលរដ្ឋនិងមួយគ្រឿងទៀតកល់ជាប់គល់ឈើ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបើកលឿនដូចគ្នាបានជ្រុលទៅបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យរថយន្តមួយគ្រឿងប៉ើងទៅផ្ទប់នឹងដើមឈើ ចំណែករថយន្តមួយគ្រឿងទៀតរេចង្កូតទៅបុកទម្លុះទ្វារផ្ទះប្រជាពលរដ្ឋ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ៤៣០កែងនឹងផ្លូវលេខ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Toyota HILLUX RELY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-7401 បើកបរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ស្រាប់តែឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀតបានបើករថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាCAR.LIF7 បើកចេញពីផ្លូវលេខ១៨៣ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាបានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរថយន្ត HILUX RELY ប៉ើងទៅបុកផ្ទប់នឹងដើមឈើខូចខ្ទេចមួយកំណាត់មុខ ចំណែករថយន្តRange Rover បានបួងចង្កូតជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យនារីម្នាក់នៅក្នុងរថយន្តរងរបួសត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖