ភ្នំពេញ៖ គណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៦៨ ក្រោមអធិបតីភាពលោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញជាចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធាន ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ។ វគ្គអប់រំនយោយជំនាន់ទី៦៨នេះប្រារព្ធឡើងដោយមានសិក្ខាកាមដែលជាមន្រ្តីរបស់គណបក្សចូលរួមរៀនសូត្រូសរុប៥៥រូប នៅវិមាន ៧ មករា។
នាឱកាសនោះ លោក ឯក សំអុល បានពាំនាំការផ្តាំសួរសុខទុក្ខប្រកបដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារក្នុងវគ្គអប់រំនយោបាយជំនាន់ទី ៦៨ នេះ ។
លោក ឯក សំអុល បានមានប្រសាសន៍ថា ការបើកវគ្គអប់រំនយោបាយនៅពេលនេះ ក្នុងខណៈពេលដែលគណបក្សយើងទើបបានបើកសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ និងបន្ទាប់ពីយើងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាពេលថ្មីៗកន្លងមកនេះ ដែលមានអត្ថន័យសំខាន់ក្រៃលែងសម្រាប់ឲ្យគណបក្សយើងឈានទៅដណ្តើមជ័យជម្នះដ៏ធំធេងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។
លោក ឯក សំអុល បានគូសបញ្ជាក់ថា ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ចម្បងមួយដែលគណបក្សយើងតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ពីព្រោះការងារនេះជាការអភវិឌ្ឍធនធានមនុស្សរបស់គណបក្ស ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សស្របតាមដំណាក់កាលនីមួយៗ ។ បើពុំមានការងារអប់រំនយោបាយនេះទេ មន្រ្តីគណបក្សមិនអាចមានការឯកភាពគ្នាខ្ពស់ អំពីទស្សនៈ ការយល់ដឹង គោលជំហរ និងសកម្មភាពក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស ក៏ដូចការកសាងពង្រឹងគណបក្សបានឡើយ ។
លោក ឯក សំអុល បានបន្តថា មន្រ្តីគណបក្ស គឺជាស្ពានតភ្ជាប់ពីគណបក្សទៅប្រជាជន និងពីប្រជាជនមកគណបក្សវិញ ហេតុនេះ មន្ត្រីយើងគ្រប់ៗរូបត្រូវខិតខំពុះពារកសាងខ្លួនឲ្យបានល្អប្រពៃ ធានានូវភាពស្អាតស្អំ និងរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងជានិច្ច ទើបអាចអនុវត្តបាននូវតួនាទីនេះ ។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយនេះដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ នោះ លោក ឯក សំអុល បានផ្តល់ការណែនាំដល់វគ្គសិក្សាដែលរួមមាន៖ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល យកចិត្តទុកដាក់បំពេញរាល់ការងារដែលពាក់ព័ន្ធនឹងវគ្គសិក្សានេះឲ្យបានល្អ , គណៈគ្រប់គ្រងវគ្គយកចិត្តទុកដាក់ដឹកនាំ និងគ្រប់គ្រងការសិក្សាឲ្យបានល្អ និងទទួលបានលទ្ធផលខ្ពស់ ស្របតាមគោលបំណងនៃវគ្គសិក្សា ក្នុងនោះមិនត្រូវភ្លេចការគ្រប់គ្រងសុខភាពទេ, គ្រូឧទ្ទេសនាមគ្រប់រូប យកអស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងបទពិសោធន៍ក្នុងការបង្រៀន និងផ្ទេរចំណេះដឹងដល់សិក្ខាកាមដែលជាអ្នកបន្តវេន ជាអ្នកកសាង និងអភិវឌ្ឍគណបក្សទៅអនាគត , សិក្ខាកាមទាំងអស់អត់ធ្មត់ ព្យាយាមក្នុងការរៀនសូត្រ គោរពវិន័យរបស់វគ្គ សាមគ្គីជិតស្និទ្ធរវាងគ្នា និងគ្នា សាមគ្គីល្អជាមួយមន្រ្តី បុគ្គលិកបម្រើការងារក្នុងវគ្គ ដើម្បីជាកិត្តិយសផ្ទាល់ខ្លួនផង ជាកិត្តិយសសម្រាប់ក្រុមគ្រួសារខ្លួនផង និងសម្រាប់គណបក្សក្រសួង ស្ថាប័ន និងរាជធានី ដែលសិក្ខាកាមម្នាក់ៗកំពុងបំពេញភារកិច្ចផង ជាពិសេសខិតខំរក្សាការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ទាំងក្នុងពេលរៀនសូត្រ ទាំងនៅក្រៅពេលរៀនសូត្រ ៕
ដោយ៖ស តារា