ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ និងគណៈកម្មការវត្តទួលទំពូង ផ្ដល់ទេយ្យទានជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចូលរួមចំណែកក្នុងការងារសប្បុរសធម៌

ចែករំលែក៖

ភ្នំពេញ៖ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង រួមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត  និងពុទ្ធបរិស័ទ្ធ បានផ្ដល់ទេយ្យទានជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងវត្តមណីរតនារាម ហៅវត្តទួលទំពូង ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលទាំង១១,  រដ្ឋបាលសង្កាត់ទួលទំពូងទី១  និងមន្ត្រីពាក់ព័ន្ធ។។  

ព្រះវិន័យវង្សា ស៊ា ប៊ុនណាត មានសង្ឃដីកាថា ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត  និងពុទ្ធបរិស័ទ្ធ បានពិភាក្សាគ្នាថាយើងត្រូវតែចូលរួមចំណែកក្នុងការធ្វើសប្បុរសធម៌ដល់កាកបាទក្រហមក្នុងមូលដ្ឋានខណ្ឌចំការមន ដោយយល់ឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ក៏ដូចជាជួបផលលំបាកផ្សេងៗនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនេះ ព្រះចៅអធិការ មានសង្ឃដីកាបន្តថា ទោះទេយ្យទាននេះ តិចតួចក្ដី តែជាទឹកចិត្តដែលផុសឡើងពីសេចក្ដីអាណិតស្រលាញ់ដល់ប្រជាពលរដ្ឋ ដែលជួបផលលំបាក និងជាការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពីការលំបាកជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅដោយភាពកក់ក្ដៅ ដូចប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ថា មិនឱ្យពលរដ្ឋណាមួយដាច់ពោះដោយអត់អាហារនោះទេ។

លោក ថេង សុថុល បានលើកឡើងថា សម្ភារៈទាំងនេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃ និងគណកម្មការអាចារ្យវត្តដែលបានមូលមតិ ឯកភាពរៀបចំនូវទេយ្យទានទាំងនេះ ប្រគល់ជូនមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីធ្វើសកម្មភាពចែកជូនសម្ភារៈទាំងនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានកាខ្វះខាត ដែលនេះ គឺជាសិល្បៈនៃការចែករំលែកអង្គុយវិស័យពុទ្ធចក្រ និងអាណាចក្រ តែងដើរទន្ទឹមគ្នាជានិច្ច។

លោកអភិបាលខណ្ឌក៏បានលើកឡើងដែរថា ក្នុងរយៈកាលចុងក្រោយនេះ សម្ដេចតេជោ មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាល បានសង្គ្រោះប្រជាជនឱ្យរួចជីវិតពីជំងឺកូវីដ-១៩ ដែលនេះ បើមិនមានការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងការចាត់ចែងទាន់ពេលវេលា និងសម្រេចចិត្តត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលទេ អញ្ចឹងទេ ប្រហែលជាប្រជាពលរដ្ឋអាចរងគ្រោះរហូតដល់ប៉ះពាល់អាយុជីវិតក៏មិនតិចដែរ ជាពិសេស គឺការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំសំខាន់ណាស់ ក្នុងការស្វះស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ ដើម្បីការពារជីវិតប្រជាពលរដ្ឋ ។

លោក ថេង សុថុល ក៏បានលើកឡើងពីកត្តាសុខសន្តិភាព ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ហើយប្រជាពលរដ្ឋយើង មានឱកាសក្នុងការធ្វើបុណ្យទាន និងប្រកបរបរផ្សេងៗដើម្បីជីវភាពប្រចាំថ្ងៃ ។ លោកថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់រួចមកហើយនៅសង្គ្រាម ដោយមិនចង់ជួបវិញទេ ជាក់ស្តែង បញ្ហារស្ស៊ី និងអ៊ុយក្រែន ជាដើម។ ដូច្នេះយើងត្រូវតែប្ដេជ្ញាការពារនូវសុខសន្តិភាពនេះឱ្យបាន ដើម្បីការអភិវឌ្ឍប្រទេសជាតិ ហើយក៏ដើម្បីឱ្យក្មេងជំនាន់ក្រោយជួបបញ្ហាដូចពីអតីតកាលកន្លងទៅនេះ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីជំងឺប្រភេទថ្មីអុតស្វា ដែលរកឃើញលើជនជាតិនីហ្សេរីយ៉ា នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ដែលមកដល់ពេលនេះ អ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវបានអាជ្ញាធរ ឱ្យស្នាក់នៅដាច់ដោយឡែក ដោយមានការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ខណៈដែលជនជាតិនីសេរីយ៉ា ដែលកើតជំងឺអុតស្វានេះ ត្រូវបានមន្ត្រីជំនាញសុខាភិបាល នាំយកទៅសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី ។ ទោះជាយ៉ាងណា លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នទាំងជំងឺកូវីដ-១៩ ក៏ដូចជាជំងឺអុតស្វា ដែលបានរកឃើញនៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ដោយអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ ជាពិសេស វិធានការ ៣កុំ និង ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ។

សូមជម្រាបថា ទេយ្យទានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន រួមមាន៖ អង្ករ ចំនួន ២៥បាវ, មី  ចំនួន ៥០កេស, ភេសជ្ជៈចំនួន ២៥កេស, ទឹកស៊ីអ៊ីវ ចំនួន ៥០យួរ និងថវិកាចំនួន ១,០០០,០០០រៀល ដែលគិតសរុបជាថវិកាចំនួន ៦,៣៧៥,០០០រៀល ៕

ដោយ៖ ជីណា


ចែករំលែក៖