ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពទឹកនៅស្ទឹងសែន មានកម្ពស់១២.៣៦ ម៉ែត្រ មិនទាន់ដល់សញ្ញាប្រកាសអាសន្ននៅឡើយ នៅស្រុកតាំងគោកប៉ះពាល់ដីស្រែជាង ៣.០០០ ហិកតា

ចែករំលែក៖

      ខេត្តកំពង់ធំ ៖ រយៈពេលថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ចុះច្រើនថ្ងៃ បង្កឱ្យទឹកស្ទឹងសែន ហក់ខ្ពស់ឡើងខ្លាំងគួរឲ្យកត់សម្គាល់ ដែលជាសញ្ញាបារម្ភពីសុវត្ថិភាព បញ្ហាទឹកជំនន់នៅក្នុងខេត្តកំពង់ធំ ។

      ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែនបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះប្រសិនជាអត់មានភ្លៀងធ្លាក់ទេ គឺទឹកស្ទឹងសែនមិនមានការកើនឡើងទេ ប្រសិនជាភ្លៀងធ្លាក់បន្ថែមទៀត លំនៅដ្ឋាន ដំណាំបន្លែ បង្ការ សត្វមាន់ទា និងមានការលិចលង់ជាមិនខាន ។ នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២២ នេះប្រសិនជាគ្មានភ្លៀងទេ គឺទឹកស្ទឹងស្រកហើយ បើសិនជាមានភ្លៀងធ្លាក់ទៀត គាត់និងជម្លៀសការរស់នៅ ឬទៅទីទួលសុវត្ថិភាព។

       លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានប្រាប់ឲ្យដឹងថា បញ្ហាទឹកស្ទឹងសែនពុំទាន់មានការកើនឡើងគួរឲ្យកត់សម្គាល់ទេហើយកំពស់ទឹកត្រឹមតែ ១២.៣៦ម៉ែត្រ តែបើកំពស់ទឹក ១៣.៥០ម៉ែត្រ ជាសញ្ញាប្រកាស និងជូនដំណឹង ។

     លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្ថែមទៀតថា ទឹកស្ទឹងសែនបើសិនជាមានការកើនឡើងនោះទាល់តែស្ទឹងនៅស្រុកសណ្ដាន់ ហើយយើងបានព័ត៌មាននៅខេត្តព្រះវិហារឡើងទៀត ទើបមានការប្រកាសអាសន្នជាដើម ។ ហើយដល់ពេលនេះស្ថានភាពទឹកក្នុងស្ទឹងសែនមានសភាពស្រកបន្តិចហើយគ្មានអ្វីគួរឲ្យកត់សម្គាល់ដែរ។

      ទន្ទឹមនោះដែរលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឲ្យដឹងថា ពាក់ព័ន្ធបញ្ហាខាងលើនេះ កាលពីម្សិលមិញលោកបានទទួលរបាយការណ៍តាមការិយាល័យកសិកម្មនៅក្នុងស្រុកក្រុងទាំង ៩ក្រុងស្រុក នៃខេត្តកំពង់ធំ គឺមានស្រុកតាំងគោក ដែលមានចំនួន ៧ ឃុំ បង្កឲ្យប៉ះពាល់ដីស្រែបងប្អូនប្រជាពលរដ្ឋជាង ៣.០០០ ហិកតា រងការប៉ះពាល់ និងខូចខាតជិត ៥០០ ហិកតា ការខូចខាតទាំងអស់នេះមិនមែនដោយសារទឹកជំនន់ នៃទឹកស្ទឹងសែនទេ គឺដោយសារតែទឹកជំនន់នៃទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ៕

ដោយ៖ សហការីកំពង់ធំ


ចែករំលែក៖