កម្លាំងប៉ូលិសហ្វុីលីពីនបានឱ្យដឹងថា មានមនុស្ស៣នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅក្នុងពិធីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Ateneo de Manila ក្នុងរដ្ឋធានីហ្វីលីពីន នាថ្ងៃទី២៤ខែកក្កដា។ ក្នុងចំណោមអ្នកស្លាប់មានអតីតអភិបាលក្រុងមកពីតំបន់ភាគខាងត្បូងម្នាក់ផងដែរ។
ស្នងការប៉ូលិសទីក្រុង Quezon លោក Remus Medinaបានឱ្យដឹងថា ការបាញ់ប្រហារត្រូវបានគេសង្ស័យថា ជាការធ្វើឃាតអតីតអភិបាលក្រុង លោក Rose Furigay ។ ចំណែកជនដៃដល់ដែលបាញ់ប្រហារនោះបានរងរបួសធ្ងន់ និងសន្តិសុខម្នាក់រងរបួសផងដែរ។ ជនដៃដល់ត្រូវបានកម្លាំងប៉ូលិសចាប់បានក្រោយពេល ព្យាយាមគេចខ្លួនតាមរថយន្ត។
ទីក្រុង Quezon ជាផ្នែកមួយនៃរដ្ឋធានីម៉ានីល គឺជាទីក្រុងមួយក្នុងចំណោម១៦ទីក្រុង ដែលមានពលរដ្ឋ១៣លាននាក់។
ជនដៃដល់មិនត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងពិធិបញ្ចប់ការសិក្សានោះឡើយ។ ជនដៃដល់គឺជាមនុស្សមានដើមកំណើតនៅទីក្រុង Lamitan ខេត្ត Basilan ជាទីតាំងធ្វើសកម្មភាពរបស់ក្រុមភេរវកម្ម Abu Sayyaf ៕ ដោយ៖ ធីរីណា
រូបថត ៖ Phil Star
រូបថត ៖ AP