ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំយកបច្ច័យដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់គ្រួសារសព លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូស្នងការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព  និងនាំយកបច្ច័យដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៥,០០០,០០០រៀល និងបច្ច័យរបស់ស្នងការដ្ឋានចំនួន១៧,៩១០,០០០រៀលជូនដល់គ្រួសារសព  លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា អត្តលេខ០២០១០ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨៖៤៧នាទី ដោយជំងឺគាំងបេះដូង។

សពលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ត្រូវបានក្រុមគ្រួសារតម្កល់ទុកធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនានៅវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

មរណភាពរបស់លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា គឹជាការបាត់បង់នូវស្វាមី និងឪពុក ជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវវីរជនមួយរូប ដែលបានធ្លាប់លះបង់កម្លាំងកាយចិត្ត និងពេលវេលាបំពញភារកិច្ចលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

ម្យ៉ាងវិញទៀត មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

ក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖