ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានចេញ សេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជីចម្ការមៀនប៉ៃលិន(តាង៉ែន) និងចម្ការស្វាយ និងស្នើសុំការបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-Gap) សម្រាប់ការនាំចេញទៅក្រៅប្រទេស ។
យោង- ប្រកាសលេខ៩៩ ប្រក.កសក ស្ដីពីការដាក់ឲ្យប្រើប្រាស់នៃការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-GAP)។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សូមគោរពជម្រាបជូនដំណឹងដល់សាធារណជន លោក លោកស្រី ម្ចាស់ចម្ការ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍កសិកម្ម ដែលមានដំណាំមៀនប៉ៃលិន(តាង៉ែន) និងដំណាំស្វាយ គ្រប់ទំហំ និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ដើម្បីធានាបាននូវស្តង់ដា និងលក្ខខណ្ឌបច្ចេកទេសសមស្រប សម្រាប់ការ នាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។ ចំពោះលោក លោកស្រី ដែលមិនទាន់បានចុះបញ្ជី និងបណ្តុះបណ្តាល ការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-GAP) សូមលោក លោកស្រី ម្ចាស់ចម្ការធ្វើការស្នើសុំតាមរយៈ ឃុំ សង្កាត់ ឫក្រុង ស្រុក ដែលនៅជិតមូលដ្ឋានរបស់លោក លោកស្រី សម្រាប់លោក លោកស្រី ដែលបានចុះបញ្ជី និងទទួលបានការបណ្តុះ បណ្តាលរួច ត្រូវរួសរាន់ដាក់ពាក្យស្នើសុំ ធ្វើការវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam GAP) និងស្នើសុំចុះបញ្ជីចំការសម្រាប់ការនាំចេញ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ជា ពិសេសប្រទេសចិន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន លោក លោកស្រី ម្ចាស់ចម្ការ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍កសិកម្ម ដែលមានដំណាំមៀនប៉ៃលិន(តាង៉ែន) និងដំណាំស្វាយ គ្រប់ទំហំ និងអ្នកពាក់ព័ន្ធទាំងអស់ ទៅចុះ បញ្ជីនៅតាមអជ្ញាធរមូលដ្ឋានដើម្បីផ្ញើរជូនមកមន្ទីរជំនាញ សម្រាប់ធ្វើការសម្របសម្រួលទៅអគ្គនាយកដ្ឋានកសិកម្ម អោយ បានគ្រប់ៗគ្នា ចាប់ពីថ្ងៃជូនដំណឹងតទៅ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនៃការចុះបញ្ជី និងការបណ្តុះបណ្ដាល សូមសាធារណជន លោក លោកស្រី ម្ចាស់ចម្ការ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍កសិកម្ម ទាក់ទង់មកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១, ០១៧ ៣១១ ១៨៦, ០១២ ៧៦១ ៣៥៥ ៕
ដោយ ៖ សិលា