ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ៖ នគរបាលជាតិចាប់ពីថ្នាក់អគ្គនាយកចុះ ត្រូវតែទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បើមិនដូច្នេះទេគួរតែដើរចេញពីក្របខ័ណ្ឌនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ចំៗថា «គ្រប់មន្ត្រីប៉ូលីសដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឱ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។ នេះបើយោងតាម ប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការអនុវត្តនេះត្រូវធ្វើឱ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះគឺ ដើម្បីឱ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់បន្ងែមថា ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗមកចូលក្របខណ្ឌនគរបាលជាតិនេះ ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំនុចដែលមិនត្រូវមើលរំលងនោះទេ។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោមបានថ្លែងនូវការកោតសរសើរ និងអគុណចំពោះបណ្ឌិតសភានគរបាលឯកឧត្តម សន្តិបណ្ឌិតទទួលបន្ទុក និង អគ្គស្នងការនគរបាលដែលបានយកចិត្តទុកដាក់ក្នុងការងារបណ្តុះបណ្តាលនេះ៕

ដោយ៖ សិលា


ចែករំលែក៖