ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀងបានថ្លែងថាអាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុកត្រូវចាត់វិធានការបង្ក្រាបឱ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។
ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកតូច ប៉ូលីវ៉ា បានកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធដែលបានសហការគ្នាអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។
មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរក្រុង/ស្រុកត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយនិងពន្ធផ្សេងៗឱ្យបានត្រឹមត្រូវនិងគ្រប់តាមផែនការ ។
រដ្ឋបាលក្រុង-ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ដូសទី៤ ឬដូសទី៥ឱ្យបានគ្រប់ៗគ្នា។
អាជ្ញាធរមូលដ្ឋានក្រុង-ស្រុកត្រូវពិនិត្យរាល់ការសាងសំណង់ ការពុះដីឡូត៍ ឬសាងសង់សំណង់ផ្សេងៗទៀតត្រូវមានច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ៕
ដោយ៖យឹម សុថាន